ព័ត៌មានជាតិ

ប្រើប្រាស់គន្លងចូល-ចេញ ផ្លូវល្បឿនលឿន បានត្រឹមត្រូវ កាត់បន្ថយការកកស្ទះ និងចំណេញពេលវេលា

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋ ងាកមកធ្វើការស្វែងយល់បន្ថែមលើការប្រើប្រាស់គន្លងចូលចេញផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាពិសេសវិធីប្រើប្រាស់គន្លងស្វ័យប្រវត្តិ ETC ដើម្បីចេញ-ចូលបានលឿនរហ័ស មិនចំណាយពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៨ មីនា បានឲ្យដឹងថា ដើម្បីចេញ-ចូលតាមគន្លងស្វ័យប្រវត្តិ ETC ដែលនៅខាងឆ្វេងបង្អស់ តម្រូវឲ្យមានបំពាក់ឧបករណ៍ETC នៅជាប់កញ្ចក់រថយន្ត រួចបញ្ចូលសមតុល្យជាមុន តាមរយៈធនាគារដៃគូ។

ករណីចង់បំពាក់ឧបករណ៍ ETC ប្រជាពលរដ្ឋ អាចស្នើសុំតាមវិធីងាយៗ នៅតាមការិយាល័យស្ថានីយទាំង ៨ទីតាំង នៅមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប Aeon មានជ័យ ដោយនាំយករថយន្តដែលត្រូវបំពាក់ទៅជាមួយ រួមនឹងឯកសារតម្រូវ(ច្បាប់ដើម) ដូចជា៖ ១-អត្តសញ្ញាណបណ្ណ ,២-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) និង៣-បណ្ណសម្គាល់យានយន្ត (កាតគ្រី)។

សម្រាប់ប្រជាពលរដ្ឋដែលនៅមិនទាន់មានឧបករណ៍ETC ប្រើប្រាស់គន្លងធម្មតាតម្រូវឲ្យយកកាតនៅច្រកចូល និងបង់សាច់ប្រាក់នៅច្រក-ចេញ។ ដូច្នេះពលរដ្ឋល្អ គោរពច្បាប់ចរាចរណ៍ និងប្រើប្រាស់គន្លងចេញ-ចូលឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ៕

To Top