ព័ត៌មានជាតិ

គណៈកម្មាធិការវិនិយោគ លើកទឹកចិត្តវិនិយោគិនចិន ធ្វើទំនើបកម្មវិស័យឧស្សាហកម្ម-កសិកម្ម នៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សាចិន និងអន្ដរជាតិ

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនចិន ធ្វើទំនើបកម្មនូវវិស័យឧស្សាហកម្ម កសិកម្ម នៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដ៏ធំសម្បើម នៃទីផ្សារចិន និងអន្តរជាតិ។

នាឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្ដីពីការកសាង កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ យោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» នាថ្ងៃទី៨ មីនា លោក ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់គណៈប្រតិភូរដ្ឋាភិបាល និងវិនិយោគិននៃខេត្តសានតុង ក្នុងដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជា និងបានលើកឡើងអំពីសារៈសំខាន់ ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗ ទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

លោក ក៏បានគូសបញ្ជាក់អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានដំឡើងកម្រិតជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលនឹងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀតឆ្ពោះទៅរកការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។

លោក អគ្គលេខាធិការ បានគូសបញ្ជាក់ថា «សូមលើកទឹកចិត្តឱ្យវិនិយោគិនចិន អញ្ជើញមកធ្វើការសិក្សាស្វែងយល់បន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការដាំដុះកសិកម្ម វារីវប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មសមុទ្រ ឈានទៅបង្កើនតម្លៃបន្ថែម និងធ្វើទំនើបកម្មវិស័យទាំងនេះនៅកម្ពុជា ក៏ដូចជាដើម្បីបំពេញតម្រូវការដ៏ធំសម្បើមនៃទីផ្សារចិន និងអន្តរជាតិ»។

ទន្ទឹមនឹងនេះ លោក អគ្គលេខាធិការ បានលើកឡើងថា ថ្នាក់ដឹកនាំ នៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជា នាពេលខាងមុខ ដើម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្ម ក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រ ផលិតសំបកកង់រថយន្ដនៅកម្ពុជា បន្ថែមពីនេះ ក្រុមហ៊ុនដ៏មានសក្ដានុពលមួយ នឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដ ដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជា ៕

To Top