ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសព័ត៌មានជាផ្លូវការនៃ «ល្ខោនតន្ត្រីរាជិនីសំឡេងមាស» លោក សុខ វិសាល សហផលិតករ ឲ្យដឹងថា ល្ខោនតន្ត្រីរាជិនីសំឡេងមាស ជាទស្សនីយភាពទម្រង់ថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
លោក សុខ វិសាល សហផលិតករ “ល្ខោនតន្ត្រីរាជិនីសំឡេងមាស” បានប្រាប់ឲ្យដឹងថា គម្រោងក្នុងការដាក់បង្ហាញការសម្ដែងផ្ទាល់ជូនដល់អ្នកទូស្សនា “ល្ខោនតន្ត្រីរាជិនីសំឡេងមាស” នេះគឺធ្វើឡើងនៅក្នុងរាជធានីភ្នំពេញមុនគេប្រហែលជាមាន១០Shows នៅទីតាំងផ្សេងគ្នា។
លោកបន្តថា បន្ទាប់ពីបានធ្វើការសម្ដែងនៅរាជធានីភ្នំពេញចប់ហើយ យើងនឹងនាំយកគម្រោងនៃ “ល្ខោនតន្ត្រីរាជិនីសំឡេងមាស” នេះទៅសម្ដែងផ្ទាល់នៅតាមបណ្ដាខេត្តទាំងអស់នៅកម្ពុជា ដើម្បីឲ្យប្រជាជនរបស់យើង បានយល់ដឹងបន្ថែមអំពី “ល្ខោនតន្ត្រីរាជិនីសំឡេងមាស” ដែលជាទស្សនីយភាពទម្រង់ថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
លោក សុខ វិសាល បញ្ជាក់ថា “ប្រហែលជាមិនគិតថ្លៃចំពោះអ្នកចូលទូស្សនាការសម្ដែងនៃគម្រោង “ល្ខោនតន្ត្រីរាជិនីសំឡេងមាស”នេះ ប្រសិនើបមានក្រុមហ៊ុនចូលរួមឧបត្ថម្ភ។ ក្នុងករណីលក់សំបុត្រគឺលក់ក្នុងតំម្លៃយ៉ាងពិសេស ពោលគឺក្នុងតំម្លៃមួយទាបបំផុត”។
សូមជម្រាបថា អ្វីដែលគួរកត់សំគាល់ពីសារៈសំខាន់នៃគម្រោង”ល្ខោនតន្ត្រីរាជិនីសំឡេងមាស”នេះគឺ ពួកយើងរៀបចំពិធីប្រកាសព័ត៌មានជាផ្លូវការនេះចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្នុងគោលបំណងដើម្បីបង្ហាញពីការរួមចំណែករបស់ស្ត្រី ក៏ដូចជាលោកស្រី រស់ សេរីសុទ្ធា ចំពោះសិល្បៈនៅកម្ពុជា និងសង្កត់ធ្ងន់លើការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងវិស័យសិល្បៈ។ មិនតែប៉ុណ្ណោះគឺគោរពដល់ស្នាដៃដែលជាមរតកដ៏យូរអង្វែងរបស់រាជិនីសំឡងមាស លោកស្រី រស់ សេរីសុទ្ធា លើសពីនេះទៀតគឺដើម្បីលើកតម្លៃស្មារតីសិល្បៈខ្មែរដែលមិនអាចកាត់ថ្លៃបាន៕