ព័ត៌មានជាតិ

ខេត្តក្យង់សាំងប៊ូកដូកូរ៉េ​ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារពលករកម្ពុជា

សាធារណរដ្ឋកូរ៉េ៖ តបតាមការអញ្ជើញ ពីសំណាក់លោក​ Lee Cheol Woo (លី ឆល់វូ) អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក​Lee Cheol Woo ដើម្បីពិភាក្សាលើវិស័យការងាររវាងប្រទេសទាំងពីរ និងការគាំពារពលករកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ លោក​ ហេង សួរ បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារ​​ រួមទាំងការទទួលយកពលករកម្ពុជាតាមប្រព័ន្ធអនុញ្ញាតមុខរបរ​ និងតាមកម្មវិធីពលកររដូវកាល ពិសេសការគាំពារពលករកម្ពុជា​ដែលកំពុងស្នាក់នៅ​ និងធ្វេីការនៅក្នុងខេត្តក្យង់សាំងប៊ូកដូ។ 

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីសម្រាប់ការអញ្ជេីញទស្សនកិច្ច និងបង្កេីនកិច្ចសហប្រតិបត្តិការនាពេលនេះ​ ដែលលោកអភិបាលខេត្ត​សង្ឃឹមថាភាគីទាំងពីរ​ នឹងទទួលលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។

តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត និងជួយអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយអាចពង្រីកលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកអភិបាលខេត្ត នឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយជាសម្ភារ: ឧបករណ៍សម្រាប់បំពាក់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវ: បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សិស្ស និស្សិត គ្រូបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងផ្តល់ជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់។

បន្ទាប់ពីជំនួបនេះ​ លោករដ្ឋមន្រ្តីក៏បានអញ្ជេីញទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលពន្លត់អគ្គិភ័យក្យង់សាំងប៊ូកដូ​ផងដែរ​៕

To Top