ព័ត៌មានជាតិ

សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំវេទិកាសាធារណៈស្តីពី មុខរបរ និងអាជីព ក្រោមប្រធានបទ «ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤ »

(ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១:០០រសៀល សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំវេទិកាសាធារណៈស្តីពី មុខរបរ និងអាជីព ក្រោមប្រធានបទ «ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤» ក្រោមអធិបតីភាព លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងមានអ្នកចូលរួមចំនួន៤៥០នាក់ ទីតាំងនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

នៅក្នុងវេទិកានេះ មានការចូលរួមពីវាគ្មិនកិត្តិយសរួមមាន៖
១- អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន
២- ឯកឧត្តម លី ហាវ ស្ថាបនិកសាលាអាយឌាលី អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៣- លោកជំទាវ ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និងជាស្ថាបនិកក្រុមហ៊ុនគ្រឿងសម្អាងRevlon នៅកម្ពុជា។

វេទិកានេះគឺរៀបចំមានគោលបំណងចម្បង គឺទី១៖ បញ្ជ្រាបការយល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារលើផ្នែកគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន។ ទី២៖ ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព ហើយទី៣៖ គឺចង់ចែករំលែកចំណេះដឹងដែលជាគន្លឹះ និងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងម៉ាំ និងមានប្រព័ន្ធការងារច្បាស់លាស់ ដល់បណ្តាម្ចាស់អាជីវកម្មដែលបានចូលរួម។

នៅក្នុងកម្មវិធីក៏មានការបង្ហាញពីបទពិសោធន៍ក្នុងការងារគ្រប់គ្រងធនធានមនុស្ស និងហិញ្ញវត្ថុ ក្នុងស្ថាប័ន អង្គភាព ឬក្រុមហ៊ុនជំនាញ និងមានស្តង់ដារ ជូនដល់សមាជិក-សមាជិកា និងសាធារណៈជនឱ្យទទួលបានធាតុចូលក្នុងសកម្មភាពអាជីវកម្មរបស់ពួកគាត់ដូចជាអាជីវកម្មមីក្រូ ខ្នាតតូច និងមធ្យម ដែលកំពុងជួបបញ្ហា ជួបឧបសគ្គ ។

ម្យ៉ាងទៀតក៏ដើម្បីផ្សារភ្ជាប់បណ្តាញទំនាក់ទំនងការងារ និងកិច្ចសហប្រតិបត្តិការក្នុងការបង្កើនចំណងសាមគ្គីភាព ការយល់ដឹង និងការចែករំលែកនៅក្នុងអាជីវកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពជូនដល់អ្នកដែលកំពុងប្រកបរបរអាជីវកម្មមីក្រូ ខ្នាតតូច និងមធ្យម និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ ដើម្បីពួកគាត់អាចមានសមត្ថភាពក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយចំណេះដឹង។

To Top