ព័ត៌មានជាតិ

ក្រុមគ្រួសារសម្តេចតេជោ ប្រារព្ធពិធីបុណ្យពុទ្ធាភិសេក និងឆ្លងចេតីយ៍របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក

ភ្នំពេញ៖​ ចេតីយ៍របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី​ ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មាតាបិតារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី១០មីនានេះ។

ពិធីបុណ្យនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួម ពីលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ,លោក ហ៊ុន ម៉ានិត, លោក​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី, លោកស្រី ហ៊ុន ម៉ាលី ដែលជាកូនប្រសារ កូនៗបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងមាជិកគ្រួសារត្រកូលហ៊ុន ជាច្រើនរូបទៀត​ រួមមាន លោក នេត សាវឿន ,អ្នកកញា ហ៊ុន តូ ,លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងកូនចៅ ញាត្តិសន្តានជាច្រើនផងដែរ ។

ក្នុងពិធីនេះមាន មនស្ការព្រះរតនត្រ័យ សមាទានសីល បង្វិលពពិលជុំវិញចេតិយ៍ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ ,និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដោយបាននិមន្តចូលរួម​ ពីសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង កើតឡើង ២៧ ខែ០៨ ឆ្នាំ១៩២៣ និងបានទទួលមរណភាព កាលពីថ្ងៃទី ១២ ខែ០៧ ឆ្នាំ ២០១៣ ក្នុងជន្មាយុ៩០ឆ្នាំ ។ ចំណែកមហាឧបាសិកា ឌី ប៉ុក កើតនៅថ្ងៃទី១៧ ខែ០៦ ឆ្នាំ១៩១៩ និងបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែ០៣ ១៩៩៨។ អ្នកមានគុណទាំង២ របស់សម្ដេចជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ត្រូវបានដង្ហែរមកតំកល់ទុក នៅក្នុងចេតីយ៍វត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ ដើម្បីគោរពបូជា៕

To Top