ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល សហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងរៀបចំកម្មវិធីបរិច្ចាគឈាម លើកទី១៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះក្រសួងរ៉ែ និងថាមពល បុគ្គលិកអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាសកម្មភាពសង្គម ក្នុងគោលដៅមនុស្សធម៌ ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម សង្រ្គោះជីវិត ។
តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងរ៉ែបានឲ្យដឹងថា នៅថ្ងៃទី១២ មីនា ក្រសួងសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំកម្មវិធី សប្បុរសធម៌ បរិច្ចាគឈាម តាមការស្ម័គ្រចិត្ត ក្នុងគោលបំណងជួយឧបត្ថម្ភ និងសង្គ្រោះជនរងគ្រោះ ឬអ្នកជំងឺខ្វះឈាម ទូទាំងប្រទេស។ សូមជម្រាបថា នេះជាលើកទី១៣ហើយ ដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្រសួងរ៉ែ រួមគ្នាចូលរួមសកម្មភាពសង្គម ដើម្បីកិច្ចការមនុស្សធម៌នេះ។
ព្រឹត្តិការណ៍នេះ គឺជាការចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាល និងសុខុមាលភាពសង្គម ព្រមទាំងជាការបញ្ជាក់អំពីចិត្តសប្បុរស និងទឹកចិត្តអាណិតស្រលាញ់ ពីសំណាក់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃក្រសួងរ៉ែ និងយុវជនស.ស.យ.ក.វិស័យរ៉ែនិងថាមពល ចំពោះជនរួមជាតិគ្រប់រូប ដែលមានតម្រូវ ការឈាមជាបន្ទាន់ក្នុងគ្រាអាសន្ន ៕