ភ្នំពេញ ៖ ទោះបីជាមានភាពយឺតយ៉ាវ បន្តិចបន្តួចក្តី ក៏វឌ្ឍនភាពគម្រោងលើក កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាប់ពីស្រែអំបិល-កោះកុង កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគរយហើយ ខណៈមហិច្ចតា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវយ៉ាងណាឲ្យសម្រេច បាន៦០ភាគរយ ត្រឹមខែឧសភា ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនាថ្ងៃ១១ មីនា ។

លោកថា ជាសក្ខីភាព នៃវឌ្ឍនភាពគម្រោងលើក កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមការយកចិត្តទុកពីលោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញ ឲ្យលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ ត្រូវសម្រេចឲ្យបាន៦០ភាគរយ នៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។

លោក សូរ វ៉ិចទ័រ បញ្ជាក់ថា ពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយការងារអ៊ុត AC ជាបន្តបន្ទាប់។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ នឹងត្រូវធ្វើការងារ Base Course ឲ្យបានជាអតិប្បរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុតAC បញ្ចប់។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវពេលកន្លងមកផងដែរ ដែលកត្តាទាំងនោះបណ្តាលមកពីបញ្ហាកូវីដ-១៩ និងដោយភូមិសាស្ត្រតំបន់នោះ នារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ខែក្នុងមួយឆ្នាំ ដូច្នេះសល់ពេលតែ៦ខែ សម្រាប់ការងារ។

សូមបញ្ជាក់ថា ប្រវែងផ្លូវ១៤៨ គីឡូម៉ែត្រ ជាទូទៅតម្រូវឲ្យមានការបន្ថែមទៅលើប្លង់ដើមការងារ(Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះ៖ ពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម , កាត់បន្ថយចំណោតផ្លូវបន្ថែម , ពង្រីកពី២គន្លង ទៅ៤គន្លង នៅ PK84 ជាដើម។
ចំពោះការត្រួតពិនិត្យគុណភាព មានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ ។ ឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជា ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear ។ រាល់ការពិនិត្យ គឺមានលក្ខណៈហ្មត់ចត់ និងលទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ ទាំងកាលបរិច្ឆេទ ៕


