ពោធិ៍សាត់៖ ក្រោយពីបានបើកកិច្ចប្រជុំ ជាមួយរដ្ឋមន្ត្រីក្រសួង បរិស្ថាន និង គណៈកម្មការថ្នាក់ខេត្ត ដើម្បីពង្រឹងការ អនុវត្តន៍ច្បាប់ប្រឆាំង និង បទល្មើសការពារ ធនធានធម្មជាតិ ការកាប់គាស់ រុករានដីព្រៃ របស់រដ្ឋ ដើម្បីយកមកធ្វើជា កម្មសិទ្ធិរបស់ខ្លួន នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិបង្ការទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថចំនួន ២៥០ នាក់មកកាន់ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៤ ដោយមានការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់លោកខូយ រីដា អភិបាល នៃ គណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ជាប្រធានគណៈកម្មការថ្នាក់ខេត្តបង្ការទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៤ លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណះកម្មការជាតិ បង្ការទប់ស្កាត់ និង បង្រ្កាបបទល្មើស ធនធានធម្មជាតិ បានអញ្ជើញជាអធិបតីដ៍ ខ្ពង់ខ្ពស់បើកកិច្ចប្រជុំ ជាមួយគណះកម្មការថ្នាក់ ខេត្តបង្ការទប់ស្កាត់ និង បង្រ្កាបបទល្មើស ធនធានធម្មជាតិ ដែលបានធ្វើឡើងនៅរដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត លោកអភិបាលស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានមន្ទីរ និង ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត ជាច្រើនរូបផងដែរ ៕