តេហេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ការចរចា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ និងការដកទណ្ឌកម្មលើប្រទេសនេះ អាចនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើភាគីផ្សេងទៀត នៅក្នុងកិច្ចចរចាមានឆន្ទៈចាំបាច់។
អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការ កត់សម្គាល់ នៅក្នុងសន្និសីទកាសែត ប្រចាំសប្តាហ៍ នៅទីក្រុងតេអេរ៉ង់ ខណៈកំពុងធ្វើអត្ថាធិប្បាយលើការ វិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុង “កិច្ចពិភាក្សាស្តីពីការដកទណ្ឌកម្ម” រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក។
លោក Kanaani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានប្តេជ្ញាចិត្ត ចំពោះតុចរចា ហើយបានបន្តថា “ប្រសិនបើភាគីម្ខាងទៀត មានឆន្ទៈនយោបាយចាំបាច់ ការចរចា ដែលបានធ្វើឡើងអាចត្រូវបញ្ចប់ក្នុងរយៈពេលដ៏ខ្លីបំផុត ដែលអាចធ្វើទៅបាន ដូច្នេះភាគីទាំងអស់ ជាពិសេសភាគី ដែលបានបដិសេធជាឯកតោភាគី ពីការបំពេញកាតព្វកិច្ចរបស់ពួកគេ ត្រឡប់ទៅការប្តេជ្ញាចិត្ត របស់ពួកគេនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង។
ប្រតិកម្មទៅនឹងការកត់សម្គាល់នាពេលថ្មីៗ នេះរបស់សហរដ្ឋអាមេរិក អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោកបានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ កំពុងសហការទាំងស្រុងជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ហើយកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរកំពុងបន្តឆ្លើយសំណួរមួយចំនួន និងដោះស្រាយភាពមិនច្បាស់ លាស់មួយចំនួនអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។
លោក Kanaani បានបន្ដថា កម្មវិធីនុយក្លេអ៊ែរ “សន្តិភាព” របស់អ៊ីរ៉ង់ កំពុងរីកចម្រើន ក្នុងក្របខ័ណ្ឌនៃសិទ្ធិ និងកាតព្វកិច្ចរបស់ប្រទេស ដែលមានចែងនៅក្រោម កិច្ចព្រមព្រៀងការពារជាមួយ IAEA៕
ប្រែសម្រួល ឈូក បូរ៉ា