ព័ត៌មានជាតិ

និយ័តករមូលបត្រកម្ពុជា និង អគ្គស្នងការដ្ឋាន នគរបាលជាតិ អំពាវនាវ ឲ្យពលរដ្ឋប្រយ័ត្ន ចំពោះការដាក់ប្រាក់ វិនិយោគ តាមអនឡាញ

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ បានក្រើនរម្លឹក និងអំពាវនាវ ដល់សាធារណជនទាំងអស់ ឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះការដាក់ប្រាក់ វិនិយោគតាមអនឡាញ ជាមួយគម្រោង គ្មានការអនុញ្ញាត ឬខុសច្បាប់ ។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យឃើញថា មានការផ្សព្វផ្សាយ ទាក់ទាញប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប រួមមានបណ្តាញសង្គម ហ្វេសប៊ុក និងក្រុមតេលេក្រាម ដើម្បីឲ្យដាក់ប្រាក់វិនិយោគ ឬធ្វើប្រតិបត្តិការ ជួញដូរឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដោយសន្យាផ្តល់មកវិញនូវអត្រាការប្រាក់ និងឬប្រាក់ចំណេញខ្ពស់ ខុសប្រក្រតី ដែលសកម្មភាពទាំងនេះពុំមាន ការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។ ក្រុមឧក្រិដ្ឋជនបានបង្កើតក្រុមតេលេក្រាមក្លែងក្លាយ ឬប្រើប្រាស់ បច្ចេកវិទ្យាទំនើប ដោយក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ថ្នាក់ដឹកនាំ ស្ថាប័ន និងក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណ ស្របច្បាប់នានា ដើម្បីបម្រើឲ្យសកម្មភាព ផ្សព្វផ្សាយក្នុងបណ្តាញសង្គម។

ជុំវិញករណីនេះដែរ និយ័តករមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ក្នុងករណីមានការសង្ស័យ ឬចាញ់បោកដោយ សារការដាក់ប្រាក់ទាំងនោះ ត្រូវរួសរាន់ផ្តល់ព័ត៌មានជាបន្ទាន់ ឬដាក់ពាក្យបណ្ដឹង មកអគ្គស្នងការដ្ឋាន នគរបាលជាតិ តាមរយៈគេហទំព័រផ្លូវការ https://hotline.police.gov.kh ឬ Hotline ១១៧ ឬទំនាក់ទំនងមកនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមទូរស័ព្ទលេខ ០២៣ ៧២៦ ៨២២ ឬទំនាក់ទំនងមកនិយ័តករ មូលបត្រកម្ពុជា តាមសារអេឡិចត្រូនិច investigation@serc.gov.kh ឬទូរស័ព្ទលេខ ០១១ ៨៤៧ ៧៧៩ (គេលេក្រាម) ៕

To Top