ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់បន្ទប់ស្នាក់នៅ របស់កម្មកររោងចក្រ Y & W ដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ដែលកម្មករនៅបន្តទទួលបាន ។

ក្រុមការងារ និងរថយន្ត នៃមជ្ឈមណ្ឌលការងារចល័ត ចំនួន៣គ្រឿង បាននិងកំពុង បន្តនៅខាងមុខរោងចក្រ ហើយរថយន្តចំនួន២ គ្រឿង ជាមួយមន្ត្រីប.ស.ស. និងមន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានធ្វើដំណើរទៅកាន់ បន្ទប់ស្នាក់នៅ របស់កម្មករដែលនៅជុំវិញរោងចក្រ Y & W។

គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ២៥០០ កន្លែងជូនដល់បងប្អូនកម្មករ កម្មការិនីនៃរោងចក្រY & W ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលបានការងារធ្វើកាន់តែឆាប់រហ័សសម្រាប់ និងបន្តមានចំណូល។ សម្រាប់អ្នកដែលចង់ទទួលបានឱកាសការងារភ្លាមៗ សូមទាក់លេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)ដើម្បីចុះឈ្មោះ និងទទួលបានឱកាសការងារថ្មីៗបន្ថែម។

ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ ឱ្យបងប្អូនកម្មករ ដែលកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន មកទទួលសេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗ។

សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារ ដល់កម្មករនិយោជិតនេះ គឺជាយន្តការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ដើម្បីផ្តល់ឱកាសការងារ ដល់កម្មករកម្មការិនី នៅរោងចក្រY & Wក្នុងគោលបំណង បន្តនិរន្តរភាពជីវភាព តាមរយៈការងារថ្មី ៕




























