ភ្នំពេញ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ដែលជាបក្សកាន់អំណាច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្ថទេសទាំងពីរ (ថៃ-កម្ពុជា)។
ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនាថ្ងៃ១៨ មីនានេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានអបអរសាទរ ចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។
លោកស្រី ក៏បានអបអរសាទរផងដែរ ចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ចំពោះប្រជាជន និងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកស្រី ក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកស្រី ផេថងថាន បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីក លើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់ តួនាទីរបស់ស្រ្តី ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងការអបអរសាទរជូនចំពោះលោកស្រី ដែលត្រូវបានតែងតាំង ជាប្រធានគណបក្សភឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខ ជូនចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។
សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម។
ជាមួយគ្នានេះសម្តេចធិបតី បានជូនពរលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព៕