ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការណែនាំ ពាក់ព័ន្ធនឹងការកែច្នៃយានយន្តខុស លក្ខណៈបច្ចេកទេស ពីសម្តេចធិបតី នាយករដ្ឋមន្ត្រីភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបេីកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងការចុះត្រួតពិនិត្យ ការកែច្នៃយានយន្តខុសបច្ចេកទេស ដូចជាសុីផ្លេរ បំពង់ស៊ីម៉ាំងជាដើម ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីទប់ស្កាត់ ភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចជុំនារសៀលថ្ងៃទី១៨ ខែមីនានេះ មានការចូលរួម ពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំង ប្រដាប់អាវុធចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

ក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនៅគោលការណ៍៣ចំណុច៖ ទី១ ណែនាំដល់អ្នក ដែលបានប្រើប្រាស់ស៊ីផ្លេ ឬបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ ។ ទី២ ណែនាំដល់ម្ចាស់អាជីវកម្ម លក់ដូរបំពង់ស៊ីម៉ាំង និងស៊ីផ្លេ ដែលខុសបច្ចេកទេស ត្រូវបញ្ឈប់ការលក់ដូរ និង៣ ណែនាំដល់ម្ចាស់យាន្តដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ត្រូវបញ្ឈប់ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង នាពេលដ៏ខ្លីខាងមុខ ។

លោក ឃួង ស្រេង បានលើកឡើងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសបច្ចេកទេសនេះ គឺបានបង្កការរំខានយ៉ាងខ្លំាង ដល់សណ្តាប់ធ្នាប់សាធារណ នៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក ពិនិត្យឱ្យបានម៉ឹងម៉ាត់ជាទីបំផុត។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យចេញសារចរណែនាំមួយ ដោយហាមអ្នកលក់ដូរទំាងអស់ ត្រូវបញ្ឈប់ការលក់ដូរ បំពង់ស៊ីមុំាងកែច្នៃ និងស៊ីផ្លេខុសបច្ចេកទេស ហើយបើមិនអនុវត្តតាម នឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយប្រមូលរបស់របរខុសចប្ចេកទេសទាំងនោះ ទៅរក្សាទុក និងអាចឈានទៅបិទអាជីវកម្ម តែម្តង ។

សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានឱ្យក្រសួងជំនាញ និងសមត្ថកិច្ចត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ស៊ីផ្លេរថយន្ត បន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះ តាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាព របស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេង តាមដងផ្លូវ ទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យ សម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាល ឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង ៕


