ព័ត៌មានជាតិ

កម្ពុជា បើកចំហរ ទទួលរាល់កិច្ចការវិនិយោគ ស្របតាមច្បាប់វិនិយោគ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា កម្ពុជា មានភាពបើកចំហរក្នុងការទទួលរាល់កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្ត លើវិស័យមួយចំនួន ស្របតាមច្បាប់ស្ដីពី វិនិយោគកម្ពុជា ឆ្នាំ២០២១។

ការលើករបស់លោក ឧបនាយករដ្ឋមន្ដ្រិ ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ទទួលជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនមួយចំនួន ជាសមាជិកសមាគមសហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដឹកនាំដោយលោក John Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group នាថ្ងៃទី១៩ មីនា។

ក្រុមហ៊ុនដែលអញ្ជើញចូលរួមដើម្បីពិនិត្យស្វែងរកឱកាសវិនិយោគនៅកម្ពុជាដូចជា ក្រុមហ៊ុន Golden Integrity International Investment Group, ក្រុមហ៊ុន King City International Investment, ក្រុមហ៊ុន Shingtak Footwear, ក្រុមហ៊ុន Guangzhou New Shingtak, ក្រុមហ៊ុន HKZQ Energy and Technology, ក្រុមហ៊ុន Guoao Environment Protection Engineering, និងមានពីសមាគមពាណិជ្ជករតៃវ៉ាន់ Dongguan ផងដែរ។

កិច្ចប្រជុំនេះត្រូវ បានរៀបចំឡើង ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន មួយចំនួន ដែលជាសមាជិកសមាគម សហគ្រាស ដើម្បីគាំពារបរិស្ថាននៅកម្ពុជា មានមកពីប្រទេសចិន និង សិង្ហបុរី ចូលជួបពិភាក្សាការងារ ព្រមទាំងស្វែងយល់ អំពីឱកាសវិនិយោគ និងការគាំទ្រ នានារបស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន ពិសេសការវិនិយោគផ្ដោត លើការអភិវឌ្ឍបៃតង។

នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការត្រៀម ខ្លួនរួចរាល់ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីសម្របសម្រួល រាល់កិច្ចការវិនិយោគ ពីគ្រប់បណ្ដាប្រទេសទាំងអស់ ពិសេសជាងនេះកម្ពុជា ជាប្រទេសមានសក្ដានុពលមួយ ដែលវិនិយោគិនគួរសម្រេចចិត្តដាក់ទុនវិនិយោគ។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «កម្ពុជាមានភាពបើកចំហរ ក្នុងការទទួលរាល់ កិច្ចការវិនិយោគ ជាពិសេសការលើកទឹកចិត្ត លើវិស័យមួយចំនួន ស្របតាមច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២១។ ក្រៅពីព័ត៌មានសំខាន់ៗ ជាប្រយោជន៍ សម្រាប់ការវិនិយោគ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ លើគម្រោងហេដ្ឋា រចនាសម្ព័ន្ធនានារួមមានផ្លូវជាតិ ផ្លូវល្បឿនលឿន អាកាសយាន ដ្ឋានអន្តរជាតិថ្មីៗ និងកំពង់ផែទឹកជ្រៅជាដើម ដើម្បីសម្រួលដល់ការវិនិយោគ និងបង្កើនភាពប្រកួតប្រជែង»៕

To Top