ចំពោះប្រទេសកម្ពុជា ក្រុមមនុស្សវ័យក្មេង(Gen Z ឬ Generation Zoom) ត្រូវបានគេវាយតម្លៃចំពោះយុវជនដែលបានកើតទាន់សម័យកាលបច្ចេកវិទ្យាឌីជីថលនៅចន្លោះឆ្នាំ១៩៩០-២០១០ ឬចន្លោះឆ្នាំ១៩៩៧-២០១២។ ពួកគេមានលទ្ធភាពគ្រប់គ្រាន់និងងាយស្រួលក្នុងការប្រើប្រាស់ព័ត៌មានវិទ្យា និងសេវាកម្មសម្បូរបែបក្នុងសម័យទំនើប ឬសាកលភាវូបណីយកម្មឌីជីថល។
បណ្ឌិត ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច បានពន្យល់ថា Gen Z សម្រាប់ប្រទេសកម្ពុជាមានកម្រិតខ្ពស់ជាងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលប្រជាជនទាំងនោះកើតនៅក្នុងចន្លោះឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០១០។
បណ្ឌិត ជ័យ តិច បន្ថែមថា ប្រជាជនដែលកើតនៅក្នុងចន្លោះនេះ គឺជាពេលវេលានៃការវិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល ដែលនាំឱ្យពួកគេមានកម្រិតយល់ដឹងខ្ពស់ពីបច្ចេកវិទ្យា និងអាចប្រើប្រាស់ឌីជីលគ្រប់ទម្រង់ ។
បើតាមលោកបណ្ឌិត ជ័យ តិច សម្រាប់កម្ពុជា(Gen Z) គឺមានកម្រិតខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ានដែលមានរហូតដល់ ៦០% នៃប្រជាជនសរុបរបស់ប្រទេសកម្ពុជា ដោយវ៉ាដាច់ប្រទេសថៃ និងប្រទេសវៀតណាមជាដើម។
ជុំវិញបញ្ហានេះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនពីទំនាក់ទំនងរបស់ក្រុមមនុស្សវ័យក្មេង(Gen Z) ជាមួយនឹងប្រាក់ក្រោយពេលដែលអ្នកឧកញ៉ាសង្កេតឃើញនូវការប្រែប្រួលនៃការគ្រប់គ្រងទ្រព្យសម្បត្តិ។ មនុស្សជំនាន់នីមួយៗផ្តល់នូវទស្សនវិស័យខុសគ្នាលើហិរញ្ញវត្ថុ។
អ្នកឧកញ៉ាបានប្រៀបធៀបក្រុមមនុស្សវ័យក្មេង Gen Z (មានអាយុប្រហែលពី១១-២៦ឆ្នាំ) និងក្រុមមនុស្សវ័យកណ្តាល (Millennials) ដែលហៅកាត់ថា ជំនាន់សហស្សវត្សរ៍(មានអាយុប្រហែលពី២៨-៤២ឆ្នាំ) ខុសគ្នាពីជំនាន់ Y និងជំនាន់ X ដែលមានអាយុចាប់ពី ៤៣-៦៨ឆ្នាំ នៅពេលនិយាយអំពីប្រាក់។
ខាងក្រោមនេះជាកត្តាសំខាន់ទាំង៥ដែលអ្នកឧកញ៉ាជឿថាមានឥទ្ធិពលលើទម្លាប់ចំណាយរបស់ពួកគេ៖
១. ការប្រើប្រាស់បច្ចេកវិទ្យានិងព័ត៌មាន៖ ក្រុមមនុស្សវ័យកណ្តាល(Gen Z) និងជំនាន់សហស្សវត្សរ៍ធំឡើងក្នុងយុគសម័យបច្ចេកវិទ្យា ដូច្នេះពួកគេមានភាពងាយស្រួលក្នុងការប្រើប្រាស់ព័ត៌មាននិងផលិតផល និងសេវាកម្មសម្បូរបែប។ ឱកាសនៃការប្រើបច្ចេកវិទ្យា និងព័ត៌មាននេះនាំឱ្យពួកគេចង់បានបទពិសោធ និងសម្ភារៈកាន់តែខ្លាំង។
២. ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំទម្លាប់នៃការចំណាយរបស់ក្រុមមនុស្សវ័យក្មេង(Gen Z) និងជំនាន់សហស្សវត្សរ៍។ វេទិកាដូចជា Instagram TikTok និងYouTube អាចបង្កើតទម្លាប់ចំណាយសម្រាប់ក្រុមមនុស្ស Gen Z និងជំនាន់សហស្សវត្សរ៍ ។ អារម្មណ៍ភ័យព្រួយថាមិនទទួលបានឱកាស និន្នាការរបស់អ្នកមានអាយុនិងឋានៈសង្គមដូចគ្នា និងមនុស្សដែលមានឥទ្ធិពល(Influencer) បានជំរុញឱ្យក្រុមមនុស្សជំនាន់ Z និងជំនាន់សហស្សវត្សរ៍ចង់បានរបស់ទាន់សម័យចុងក្រោយបំផុត និងទទួលបានបទពិសោធនូវអ្វីដែលអ្នកដទៃបង្ហាញ។
៣. ការពេញចិត្តភ្លាមៗ និងការទិញអីវ៉ាន់ភ្លាមៗ៖ ការទិញទំនិញតាមអនឡាញ និងការប្រើប្រាស់អ្វីមួយឆាប់រហ័ស ជំរុញឱ្យមានការទិញទំនិញដោយគ្មានព្រាងទុក។ ក្រុមមនុស្សវ័យក្មេង(Gen Z) និងជំនាន់សហស្សវត្សរ៍ដែលជាអ្នកចេះបច្ចេកវិទ្យា មានទំនោរក្នុងការទិញភ្លាមៗដោយមិនគិតពីផលវិបាករយៈពេលវែង។
៤. ឧបសគ្គផ្នែកហិរញ្ញវត្ថុ៖ បំណុលប្រាក់កម្ចីរបស់និស្សិត ការចំណាយកើនឡើង និងឱកាសការងារមានកំណត់ ធ្វើឱ្យក្រុម Gen Z និងជំនាន់សហស្សវត្សរ៍ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ។ ឧបសគ្គទាំងនេះអាចនាំឱ្យមានការយល់ឃើញនៃការចំណាយលើសនៅពេលដែលពួកគេតស៊ូដើម្បីធ្វើឱ្យមានតុល្យភាពបំណងប្រាថ្នារបស់ពួកគេជាមួយនឹងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ។
៥. ការផ្លាស់ប្តូរអាទិភាព៖ ក្រុមមនុស្សវ័យក្មេង(Gen Z) និងជំនាន់សហស្សវត្សរ៍ឱ្យតម្លៃលើបទពិសោធ ការរីកចម្រើន និងការបង្ហាញភាពជាខ្លួនឯង។ ការធ្វើដំណើរ ការទទួលទានអាហារក្រៅផ្ទះ ការកម្សាន្ត និងការថែទាំខ្លួនឯងគឺជាអាទិភាពរបស់ពួកគេ ដែលជួនកាលខុសពីទស្សនៈរបស់មនុស្សជំនាន់មុន។
សូមចងចាំថា ទម្លាប់នៃការចំណាយរបស់បុគ្គលអាចប្រែប្រួលទៅតាមជំនាន់ទាំងនេះ។ យើងត្រូវលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ ដោយក្នុងនោះមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងការសម្រេចចិត្តដោយយកចិត្តទុកដាក់នៅគ្រប់ជំនាន់៕ ដោយ នូវ ស៊ីវុត្ថា