ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការរើសអើង និងមើលរំលង សមត្ថភាពជន មានពិការភាព គឺជាកំហុសឆ្គង

ភ្នំពេញ ៖ ថ្លែងចំពោះមុខជនមានពិការភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាព របស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ និងស្មារតី។

នាឱកាសអញ្ជើញជាអធិបតី សម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា» នៅថ្ងៃ២១ មីនា សម្ដេចធិបតី បានថ្លែងថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិត របស់ជនមានពិការភាព គឺជាការចាំបាច់ដើម្បីធ្វើឲ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិ ដូចប្រជាជនខ្មែរដទៃទៀត ដែលមិនមានពិការភាព រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមក្នុងសង្គម សាសនា កីឡា សិល្បៈ នយោបាយដោយពេញលេញ និងស្មើភាពគ្នា ដោយគ្មានការរើសអើង។

សម្ដេចធិបតីបន្ដថា ការកែលម្អ និងអភិវឌ្ឍន៍បរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណេះដឹងព័ត៌មាន និងទំនាក់ទំនងក្នុងយុគសម័យឌីជីថល គឺជាកត្តាចាំបាច់ក្នុងការជំរុញការចូលរួមប្រកបដោយចីរភាពរបស់ជនមានពិការភាព ។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ការរើសអើង និងការមើលរំលង នូវសមត្ថភាព របស់ជនមានពិការភាព គឺជាកំហុសឆ្គង ទាំងផ្នែកសីលធម៌ ស្មារតី និងគោលការណ៍សកល ស្ដីពី ជនមានពិការភាព ព្រមទាំងនាំឲ្យបាត់បង់ សាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់គ្នាក្នុងសហគមន៍»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមថា ក្នុងន័យនេះ ការពង្រឹងវិស័យ ពិការភាពនាពេលនេះ គឺជាការចូលរួមជាមួយគ្នា ក្នុងការបង្កើនសង្ឃឹមបន្ថែមនូវភាពអង់អាច និងលើកកម្ពស់សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងផ្លាស់ប្ដូរឲ្យបាននូវការគិតជាវិជ្ជមាន ប្រកបដោយគុណធម៌ សម្រាប់ ជនមានពិការភាព ដើម្បីចូលរួមចំណែក ដល់ការលើកកម្ពស់ ជនមានពិការភាព ប្រកបដោយបរិយាប័ន្ន ក្នុងដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ៕

To Top