ភ្នំពេញ ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលើកឡើងថា ប.ស.ស. បានក្លាយជានិមិត្តរូប នៃសុខភាពក្នុងចិត្តប្រជាជន ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ។
ការលើកឡើងរបស់អគ្គនាយករង ប.ស.ស. រូបនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនសមាជិកអ្នកសារព័ត៌មាន “ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គម” សហការរៀបចំដោយ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ,បេឡាជាតិសន្តិសុខសង្គម ,សារព័ត៌មានថ្មីៗ និងអង្គការអុកស្វាម មានស្ថាប័នសារព័ត៌មានជាង៤០ចូលរួម នាថ្ងៃទី២១ ខែមីនាឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
ក្នុងឱកាសនោះ លោក ហេង សុផាន់ណារិទ្ធ បានលើកឡើងអំពីផ្នែកថែទាំសុខភាព បានដាក់ឲ្យអនុវត្តសម្រាប់វិស័យឯកជន នៅឆ្នាំ២០១៦ ដោយនៅពេលនោះ និយោជកបង់ភាគទាន ១,៣% កម្មករនិយោជិតបង់ ១,៣% ។ ចាប់ពីខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចឲ្យវិនិយោគជក់ជាអ្នកបង់ជំនួស កម្មករនិយោជិត ១០០% គឺភាគទាន ២,៦% ដើម្បីសម្រួលដល់បន្ទុកចំណាយរបស់កម្មករនិយោគិតដែលអាចសន្សំថវិកា បានប្រមាណ ៦ទៅ៨ដុល្លារក្នុង១ខែ ។
សូមរំលឹកថា ផ្នែកថែទាំសុខភាព ត្រូវបានពង្រីកដល់មន្ត្រីរាជការសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន នៅឆ្នាំ២០១៨ ។
លោកអគ្គនាយករង ប.ស.ស. បញ្ជាក់ថា “ការដាក់ដំណើរការកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែម សម្រាប់កម្ពុជាដែលបានប្រែក្លាយសេចក្តីប្រាថ្នា របស់បុគ្គលស្វ័យនិយោជន៍ភាគច្រើន ក៏ដូចជាក្តីប្រាថ្នា របស់បងប្អូនកម្មករនិយោជិតភាគច្រើន និងបងប្អូនមន្ត្រីរាជការរបស់យើងផងដែរ ដែលចង់ឲ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួន អាចទទួលបានការធានារ៉ាប់រង សុខភាពដូចខ្លួនដែរ”។
ជាងនេះទៅទៀត លោក ហេង សុផាន់ណារិទ្ធ បានគូសរំលេចថា “ប.ស.ស. បានក្លាយជា និមិត្តរូបនៃសុខភាព ក្នុងចិត្តរបស់ប្រជាជនយើង ដោយអាចជួយកាត់បន្ថយ បន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឲ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន”៕