ព័ត៌មានជាតិ

អ្នកជំនាញ ៖ សហជីព និងសង្គមសុីវិល គួរតែកុំយកសាំង ចាក់លើភ្លើង ចំពោះករណីរោងចក្រ Y&W

ភ្នំពេញ ៖ លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រ នយោបាយរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ករណីរោងចក្រ Y&W សហជីព និងសង្គមសុីវិលគួរតែកុំយកសាំង ចាក់លើភ្លើង ហើយគួរតែមានវប្បធម៌ស្តាប់គ្នាទៅវិញទៅមក ដាក់បញ្ហាលើតុពិភាក្សាគ្នា យល់អំពីដំណោះស្រាយ ជៀសជាងម្ខាងខិតខំរកដំណោះស្រាយ ដោយឡែកម្ខាងទៀត កំពុងបញ្ចុះបញ្ចូលកម្មករឱ្យមានការតវ៉ា។

ការលើកឡើងបែបនេះ បន្ទាប់ពីមានសហជីពមួយចំនួន បានចូលមកណែនាំឱ្យកម្មករមួយចំនួនតូច នៃរោងចក្រ Y&W លើកប៉ាដា និងបន្តស្រែកនៅមុខរោងចក្រ ទាមទារឱ្យម្ចាស់រោងចក្រ ដោះស្រាយជូនកម្មករ បើទោះបីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បឱណាច់ផ្សេងៗជូនកម្មករ និយោជិតលើករណីនេះ នៅវេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ ក៏ដោយ ។

លោកបណ្ឌិតរូបនេះបានគូសបញ្ជាក់ថា៖ «ករណីរោងចក្រនេះ តាមខ្ញុំដឹងក្រសួង មានសមត្ថកិច្ច បានចេញដំណោះស្រាយ លើករណីនេះរួចហើយ ខ្ញុំគិតថាសហជីព និង ភាគពាក់ព័ន្ធ គួរតែយោងសេណារីយ៉ូ នៃដំណោះស្រាយទាំងឡាយនេះ ជជែកគ្នា ពិភាក្សាគ្នា ជៀសជាងបង្កបរិយាកាសមិនសុខដុម ដែលការនេះអាចឈាន ដល់ករណីយកសាំងចាក់ លើភ្លើងដែលកំពុងតែឆេះដូច្នេះដែរ»។

លោកបន្ថែមថា ការធ្វើបែបនេះគឺ មិនទទួលបានអត្ថប្រយោជន៍អ្វីនោះទេ តែផ្ទុយមកវិញគឺ មានតែការខាតបង់ទាំងអស់គ្នា ហើយបញ្ហានឹងបន្តក្តៅ រោលរាលនៅក្នុងសង្គមលើករណីផ្សេងៗទៀត ។ ដូច្នេះហើយភាគីពាក់ព័ន្ធត្រូវតែមានភាពអត់ធ្មត់ យោគយល់គ្នាទៅវិញទៅមក យល់គ្នាអំពីដំណោះស្រាយ ដែលអាចឈានដល់ការដោះស្រាយមួយប្រកប ដោយសន្តិវិធីនៅចុងបញ្ចប់ ។

លោកបានគូសបញ្ជាក់ទៀតថា ភាគីពាក់ព័ន្ធ គួរតែចូលរួមជាមួយយន្តការ របស់រាជរដ្ឋាភិបាល លើការដោះស្រាយករណីរោងចក្រ Y&W នេះ ជៀសជាងធ្វើឱ្យមានការបន្តតវ៉ា នៅមុខរោងចក្រធ្វើឱ្យប៉ះពាល់ ទៅដល់សន្តប់ធ្នាប់សាធារណ និងបង្កអសន្តិសុខផ្សេងៗទៀត បើទោះបីមានកម្មករភាគច្រើន នោះជឿជាក់លើដំណោះស្រាយរបស់ក្រសួង ៕

To Top