ភ្នំពេញ ៖ កម្មករនិយោជិត នៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗទៀត ជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់ អំពីដំណោះស្រាយ របស់ក្រសួងការងារ លើករណីរោងចក្រ Y&W នេះ។
កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី រោងចក្រ Y&W លើកឡើងថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យក៏ដោយក៏នៅតែធ្វើការ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ»។

លោក ធន ពន្លឺ ដែលជាកម្មករ នៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ។ លោកអរគុណរាជរដ្ឋាភិបាល ដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល ឱ្យកម្មករនិយោជិត នៃរោងចក្រ Y&W ទាំងអស់ផងដែរ ។

ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនី នៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដោះស្រាយករណីរោងចក្រ Y&W ហើយកម្មករនិយោជិតទាំងអស់ ទទួលបានការដោះស្រាយដ៏សមស្របមួយ។

លោកស្រីថា៖«ខ្ញុំមិននឹងស្មានថា ក្រសួងធ្វើការនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទេ។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន ដែលក្រសួងខិតខំធ្វើការដើម្បីបើកប្រាក់ឈ្នួល ជូនកម្មករពួកខ្ញុំ ។ ខ្ញុំសប្បាយចិត្តណាស់នៅពេលនេះ ខ្ញុំបានទាំងកូន និងសំណងផងដែរ ពីព្រោះខ្ញុំទើបសម្រាលកូនថ្មីៗនេះ» ។

ទន្ទឹមនឹងនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិមើលឃើញថា ការបំពេញការងារទាំងថ្ងៃសៅរ៍ អាទិត្យ ទាំងយប់ទាំងថ្ងៃ លើករណីរោងចក្រ Y&W ជាពិសេសអំឡុង ពេលបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ នៅពេលនេះបានបង្ហាញ ឱ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល លើសុខទុក្ខរបស់បងប្អូន កម្មករនិយោជិត ។

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុន Y & W នៅសាលាខណ្ឌដង្កោ។ ក្នុងនោះគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះមានកម្មករនិយោជិតនៃរោងចក្រ Y&W សរុបចំនួន ៣៧២៤ នាក់បានមកបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។

ដោយឡែកកម្មករនិយោជិត ដែលមិនទាន់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់មុខងារផ្សេងៗ អាចបន្តបើកនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនឹងឯកសារតម្រូវដូចមានក្នុងសេចក្តីណែនាំ៕
