ព័ត៌មានជាតិ

បទអត្ថាធិប្បាយ ៖ កម្ពុជា ចាត់ទុកវេទិកា Boao ដើរតួនាទីដ៏សំខាន់ សម្រាប់អន្តរជាតិ

កម្ពុជាគាំទ្រ និង ចាត់ទុក វេទិកា Boao មានសារៈសំខាន់ ក្នុងការរកដំណោះស្រាយ និងជំរុញ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ។ នៅថ្ងៃទី២៦ ខែមីនា នេះ កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoao សម្រាប់អាស៊ីបានចាប់ដំណើរការ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។ វេទិកានេះមានរយៈពេល៤ថ្ងៃ ជុំវិញប្រធានបទ”អាស៊ីនិងពិភពលោក ៖ បញ្ហាប្រឈមរួមនិង ទំនួលខុសត្រូវរួម” ។

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមសន្និសីទ ប្រចាំឆ្នាំនៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញ តបតាមការអញ្ជើញ ពីភាគីចិន នេះបើយោង តាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងការបរទេស ។

សម្តេចតេជោនឹងអញ្ជើញ ចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមាន ការចូលរួមពី ថ្នាក់ដឹក នាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សា ស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ។ សម្តេចតេជោ នឹងមានជំនួបជាមួយនឹង មន្ត្រីជាន់ខ្ពស់របស់ចិនផងដែរ ។

ជុំវិញដំណើរបេសកកម្មនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានប្រាប់ថា នឹងចូលរួមចំណែកពង្រឹង កិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិនកាន់តែប្រសើរបន្ថែមទៀត ហើយលោកបណ្ឌិតក៏លើក ឡើងពីសារៈសំខាន់នៃវេទិកាបូអាវ នេះផងដែរ ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានអោយដឹង «រយ:ពេល២៣ឆ្នាំ ចាប់តាំង ពីឆ្នាំ២០០១ មក វេទិកា BFA ជាកម្លាំងចលករ​ ដល់ធាតុ ចូលដ៏សំខាន់លើ វិស័យសេដ្ឋកិច្ច នៃមាគ៌ាអភិវឌ្ឍ របស់បណ្តាប្រទេសនានា ក្នុងរង្វង់ នៃកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន បន្ថែមពីលើគំនិតផ្តួចផ្តើមទាំង៤ របស់ប្រទេសចិន ដើម្បីរួមជាកម្លាំងដល់កិច្ចកសាង សហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ។ បេសកកម្មរបស់សម្តេចតេជោ ពិតណាស់បានចូលរួមចំណែកដល់ការ ចែករំលែកបទពិសោធន៍ពីភាព ជាអ្នកដឹកនាំប្រកប ដោយសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំង បង្កើនទំនាក់ទំនង ជាប្រពៃណីរវាងកម្ពុជានិងចិន រួមជាមួយកិច្ចសហប្រតិបត្តិការពហុភាគីឈ្នះ-ឈ្នះថែមទៀតផង»។

លោកបណ្ឌិត កៅ មុយថង អ្នកវិភាគ បានលើកឡើងថា អស់ពីបញ្ហាជំងឺរាត ត្បាតជាសកល ពិភពលោកក៏ជួបនឹង ស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ដូចជា បញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែន, អ៊ីស្រាអែល-ហាម៉ាស, អតិផរណាខ្ពស់, បញ្ហាបម្រែបម្រួលអាកាសធាតុ ជាដើម ដែលសុទ្ធតែជះឥទ្ធិពលដល់ពិភពលោក។ ដូច្នេះ លោកជឿជាក់ថា សន្និសីទប្រចាំឆ្នាំនេះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត សម្រាប់ពិភពលោក ។

លោកបណ្ឌិត កៅ មុយថង បានបន្ថែមថា «សម្រាប់វត្តមានរបស់សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលនឹងអញ្ជើញ ចូលរួម ក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកា ឆ្នាំ២០២៤ នៅខេត្តហៃហាន ប្រទេសចិន គឺជាការរួមចំណែក យ៉ាងសំខាន់របស់កម្ពុជា ក្នុងការជំរុញការស្វែងរកដំណោះស្រាយ បញ្ហាទាំងអស់នេះ តាមគោលការណ៍ពហុភាគីនិយម លើបញ្ហាប្រឈម ដែលពិភពលោកកំពុងជួបប្រទះ នឹងបញ្ហាស្មុគស្មាញ ហើយកម្ពុជាតែងបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែកដល់ការ ជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ និងពិភពលោក លោកហេដ្ឋា រចនាសម្ព័ន្ធ ទាំងរឹង ទាំងទន់ ទាំងលើការអភិវឌ្ឍ សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម កាលានុវត្តភាព ការវិនិយោគ ការផ្លាស់ប្តូរនូវវប្បធម៌ និងការតភ្ជាប់ រវាងប្រជាជននិងប្រជាជន នៅលើពិភពលោក»។

សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅបណ្ឌិត សភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន ,ទីក្រុងអវកាសអន្តរជាតិ វិនឆាង ដើម្បីជំរុញកិច្ចសហប្រតិ បត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា ៕

To Top