ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃ២៨ មីនានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង ប្រទេសវៀតណាម ។


ទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ២៨-៣០ ខែមីនា។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងបី ។ ថ្នាក់ដឹកនាំក្រសួងទាំង៣ នឹងអញ្ជើញទស្សនាសមយុទ្ធកម្លាំងពន្លត់អគ្គិភ័យនិងសង្គ្រោះ ដែលមានការចូលរួមពីកម្លាំងជំនាញរបស់វៀតណាម មកពីកម្ពុជា និងឡាវ ផងដែរ។


សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់លោកឧបនាយករដ្ឋមន្ដ្រី គិតចាប់ពេលចូលកាន់មុខតំណែង ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការត្រីភាគីដែលក្រសួងទាំង៣ បានអនុវត្តចំនួន៣លើក រួចមកហើយ។ ប្រមុខក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណៈឡាវ ទើបតែបានមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី កាលពីខែមករា និងក្នុងខែមីនា ឆ្នាំ២០២៤៕
