ភ្នំពេញ ៖ អ្នកវិភាគសង្គម និងសហជីព នៃរោងចក្រអ.ជី ហ្វ៊ូតវែរ បានលើកឡើងថា ដំណោះស្រាយដ៏លឿនរហ័ស ចំពោះកម្មកររោងចក្រ អ.ជី បានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលអាណត្តិទី៧។

លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ដំណោះស្រាយដ៏ឆាប់រហ័សចំពោះកម្មករោងចក្រ អ.ជី ដែលសម្របសម្រួល ឱ្យបើកប្រាក់ឈ្នួលមុន កាលកំណត់នាពេលនេះ គឺជាការបង្ហាញ ពីការយកចិត្តទុកដាក់ ដល់កម្មករ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត ។

លោកអះអាងថា៖ «ការដោះស្រាយបញ្ហា ជូនកម្មករដ៏ឆាប់រហ័សនាពេលនេះ បញ្ជាក់ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ខ្ញុំសាទរយន្តការ លឿនរហ័សនេះ ហើយអបអរទៅដល់បងប្អូនកម្មករទាំងអស់ ដែលទទួលបានប្រាក់អត្ថប្រយោជន៍ (ប្រាក់ឈ្នួល និងប្រាក់បំណាច់) នៅជិតថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ខាងមុននេះ»។

សម្រាប់អ្នកវិភាគរូបនេះ ដំណោះស្រាយលឿននេះ បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ចំពោះដំណោះស្រាយដ៏មានប្រសិទ្ធភាព ខណៈសេដ្ឋកិច្ចសកលក៏កំពុងជួបបញ្ហាផ្សេងៗ ។ លោកជឿជាក់ថា រាជរដ្ឋាភិបាល នឹងបន្តយន្តការដោះស្រាយរហ័សបែបនេះ បន្តទៀតបើទោះបីក្នុងករណីណាក៏ដោយ ដើម្បីបម្រើដល់ផលប្រយោជន៍កម្មករ។

ទន្ទឹមនឹងនេះ អនុប្រធានសហជីពខ្មែរCUF នៃរោងចក្រ អ.ជី ហ្វ៊ូតវែរ លោកស្រី និល ខេន លើកឡើងថា ៖«ក្នុងនាមជាសហជីពមួយរូបនៅរោងចក្រនេះ (រោងចក្រ អ.ជី ហ្វ៊ូតវែរ) ខ្ញុំសូមអរគុណទៅដល់រាជរដ្ឋាភិបាល ក្រសួងការងារ និង ថៅកែរោងចក្រ ដែលបានខិតខំបំពេញការងារ ធ្វើយ៉ាងខ្លាំងឱ្យកម្មកររបស់យើងទាំងអស់គ្នា ទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗទៀតមុនពេលវេលា»។

លោកស្រីបានគូសបញ្ជាក់ថា ការធ្វើការយ៉ាងឆាប់រហ័ស ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លើការសម្របសម្រួលជាមួយថៅកែរោងចក្រក្នុងពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ មកលើសុខទុក្ខរបស់បងប្អូនកម្មករ។

គូសបញ្ជាក់ផងដែរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ជាច្រើនលើសលុប បានមកទទួលការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ បន្ទាប់ពីរោងចក្រមួយនេះ ត្រូវបានឆេះរងការខូចខាត ទាំងស្រុងកាលពីពេលថ្មីៗនេះ ៕
