កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដោយប្រើប្រាស់នូវសមិទ្ធផលនានា ក្នុបរិវេណវត្តវេឡុវ័ន ហៅវត្តគោករកា ស្ថិតក្នុងស្រុកស្ទឹងត្រង់ ដែលចំណាយថវិកាសាងសង់ អស់ប្រមាណជាជិត ៣៨ម៉ឺនដុល្លារ ។
បើតាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងថា ក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្រោមការដឹកនាំព្រះគ្រូចៅអធិការ លីវ ស្តើង វត្តវេឡុវ័ន ហៅវត្តគោករកា បានកសាងសមិទ្ធផលនានាជាច្រើន រួមមាន ៖ កសាងនឹងជួសជុលដំបូលព្រះវិហារ កសាងដងទង់ ដំបូលសាលាឆាន់ ខ្លោងទ្វារ ចាក់សាបក្នុងទីធ្លាវត្ត បង្គោលភ្លើង ចាក់ដីក្នុងទីធ្លាវត្ត និងសាលាឆាន់ធ្វើពីថ្ម ដោយអស់បច្ច័យកសាង សរុបចំនួន ២៩៨.៣៥០ដុល្លារ និងប្រាក់រៀល ចំនួន ២៨៣.២៤០.៥០០រៀល ក្នុងនោះ លោកស្រី លាង វួចឆេង និងសម្តេចទេពញាណ ហ៊ុន ណេង ព្រមទាំងបុត្រាបុត្រី ចូលរួមបច្ច័យសម្រាប់កសាងអស់ចំនួន ៩៤.៨០០ដុល្លារ និងប្រាក់រៀល ៣៦.១០០.០០០រៀល ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រ យ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះផងដែរ ។
លោកសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អស់រយៈពេលជាង ៧ ខែមកនេះ គឺបានដំណើរការ ក្នុងការការពារសន្តិសុខសម្រាប់ធ្នាប់ សេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ។
ហើយនៅទីនេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនគណៈបញ្ជាការរាជធានី ខេត្ត ឱ្យយកចិត្តទុកដាក់អាទិភាពខ្ពស់លើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថភាពសង្គម ។ ពីព្រោះកាលណាមានសុវត្ថិភាព មានសេចក្តីសុខ ធ្វើឲ្យមន្ត្រីរាជការហ្នឹងន៎ ក្នុងការបម្រើការងារ និងប្រជាពលរដ្ឋ ហ្នឹងន៎ធ្វើអាជីវកម្ម ធ្វើស្រែចម្ការ ពោលគឺ បំណងតែមួយគត់ គឺបង្កើនចំណូលសម្រាប់គ្រួសារ និងសង្គមជាតិយើងទៅថ្ងៃខាងមុខ ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលយើង ក៏បានអនុវត្តរលូន ហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់ ពីលើដល់ក្រោម ពោលគឺ តាំងពីថ្នាក់កណ្ដាល រហូតដល់ឃុំ ភូមិ គឺយើងដំណើរការអភិវឌ្ឍន៍ យ៉ាងសកម្ម ដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ៕