ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី គន់ គីម ក្រើនរំលឹកឲ្យគ្រួសារ អតីតយុទ្ធជន ខំថែទាំសុខភាព ដោយប្រើប័ណ្ណ បសស ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យ ឲ្យបានទៀងទាត់

កំពង់ចាម ៖ ក្នុងឱកាសអញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម នៅក្បែរទីតាំងសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម នារសៀលថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៤ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បាទមានប្រសាសន៍ច្រើនរំលឹក ដល់គ្រួសារអតីតយុទ្ធជន ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយប្រើប័ណ្ណ បសស ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យឲ្យបានទៀងទាត់ ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ដើម្បីឲ្យសុខភាពល្អ និងអាយុវែង សូមបងប្អូនអតីតយុទ្ធជនយើង ធ្វើលំហាត់ប្រាណ ពិនិត្យសុខភាពឱ្យទៀងទាត់ លេបថ្នាំឲ្យទៀងទាត់ ដើម្បីបានអាយុយឺនយូរ ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានសេចក្តីនឹករលឹក និងតែងតែខ្វល់ខ្វាយគិតគូរអំពីសុខ និងទុក្ខ អំពីជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន របស់យើង តាមរយៈលោក តែងតែបានធ្វើរបាយការណ៍ ជូនសម្ដេចជាប់ជាប្រចាំ អំពីសុខទុក្ខ អំពីការលំបាក និងត្រូវដោះស្រាយបន្តអ្វីខ្លះ ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា បងប្អូនអតីតយុទ្ធជន គឺជាស្ថាបនិកដ៏សំខាន់ និងជាអ្នករួមប្រតិបត្តិករ ជាមួយ សម្ដេចតេជោ ហ៊ុន សែន ដូច្នេះហើយ ទើបសម្ដេច បានចាត់បញ្ជារូបលោក ឲ្យចុះមើលពីសុខនិងទុក្ខ របស់បងប្អូនអតីតយុទ្ធជន យើងគ្រប់ទីកន្លែង ដើម្បីត្រួតពិនិត្យ មើលអំពីស្ថានភាព រស់នៅរបស់ពួកគាត់ និងខិតខំដោះស្រាយការលំបាកផ្សេងៗ របស់បងប្អូនអតីតយុទ្ធជនរបស់យើង ៕

To Top