ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ បានរៀបចំអាហារសាមគ្គី ជាមួយរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិក ប្រមាណជិត១០០០នាក់ ដែលមកពី៨៧រោងចក្រ នៃខណ្ឌពោធិ៍សែនជ័យ ។

ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ ដោយមានអភិបាលខណ្ឌ និងចៅសង្កាត់ទាំងប្រាំពីរផងដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់ប្រតិភូបុគ្គលិក និងរដ្ឋបាលរោងចក្រទាំងអស់ ឱ្យដឹងពីកិច្ចការគាំពារ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលត្រៀមខ្លួនរួចជាស្រេចរង់ចាំជួយដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានារបស់រោងចក្រ និងបងប្អូនកម្មករនិយោជិត ដើម្បីធានាបាននូវបរិយាកាស នៃទំនាក់ទំនងវិជ្ជាជីវៈ និងការប្រកបអាជីវកម្មនៅកម្ពុជា កាន់តែប្រសើនិងដោយរលូនបន្ថែមទៀត ។

សម្រាប់លោករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះកម្មករនិយោជិត ប្រតិភូបុគ្គលិក ក៏ដូចជារោងចក្រទាំងមូល ដែលសុទ្ធតែជាផ្នែកសំខាន់ ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាស នៃវិស័យការងារនៅកម្ពុជាទាំងមូល ។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ជូនទៅកាន់រដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកថា ក្រសួងបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រ និងបង្កើតបរិយាកាសដ៏ល្អ ដល់កម្មករនិយោជិត ឱ្យមានជីវភាពរស់ នៅកាន់តែប្រើសើរ និងផលិតភាពការងារខ្ពស់ ដើម្បីអាចឱ្យគ្រប់ភាគីទាំងរោងចក្រ និងបុគ្គលិកកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានជំរុញ ឱ្យអាជ្ញាធរមូលដ្ឋាន និងភាគីរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិក ធ្វើការឱ្យជិតស្និទ្ធ ជាមួយគ្នាបន្ថែមទៀត ព្រោះអាជ្ញាធរមូលដ្ឋានដែលជាកូនចៅ និងអ្នកបម្រើប្រជាពលរដ្ឋ គឺរង់ចាំជានិច្ចដើម្បីផ្តល់សេវាប្រកប ដោយការយកចិត្តទុកដាក់ជូនរោងចក្រ និងប្រតិភូបុគ្គលិកទាំងអស់ ។

ក្រោយការឡើងថ្លែង និងបង្ហាញសមាសភាព អាជ្ញាធរមូលដ្ឋាន ដល់រដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកទាំងអស់ លោករដ្ឋមន្ត្រី និងលោកអភិបាលខណ្ឌ បានធ្វើការសំណេះសំណាលផ្ទាល់ ជាមួយបុគ្គលិករដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកតាមរោងចក្រនីមួយៗ ដើម្បីស្តាប់ពីតម្រូវការ និងបង្កើត ក៏ដូចជាបង្កើនភាពស្និទ្ធស្នាល ជាមួយគ្នាបន្ថែមទៀត ៕









