ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែលមិនយកថ្លៃសេវាបង់ប្រាក់ លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ការចេញសារថ្លែងអំណរគុណបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានចរចាជាមួយភាគីថៃ ក្នុងការសម្រេចមិនយកថ្លៃលើការ ធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋខ្មែរ។

លោក អ៊ន ខ្លង ដែលជាពលរដ្ឋខ្មែររស់ និងធ្វើការនៅប្រទេសថៃ លើកឡើងថា ការចរចារដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ចំពោះការមិនយកប្រាក់លើការ ធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ ដល់សុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ។
លោកថា៖«ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានព័ត៌មានថា សម្ដេចធិបតី បានចរចាជាមួយរដ្ឋាភិបាលថៃ មិនយកលុយលើការធ្វើដំណើរទៅវិញទៅមក ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ។ សូមគោរពអរគុណដល់សម្ដេចមហាបបវធិបតី ហ៊ុន ម៉ាណែត»។

ទន្ទឹមនឹងនេះលោក ឈុត តុលា ជាពលរដ្ឋខ្មែរដែលរស់នៅ ប្រទេសថៃម្នាក់ទៀតលើកឡើងដែរថា ការមិនយកប្រាក់លើការធ្វើដំណើរទៅវិញទៅមក ក្នុងអំឡុងពេលចូលឆ្នាំខ្មែរសម្រាប់ពលរដ្ឋខ្មែរ គឺជាការជួយសម្របសម្រួលដល់ ពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃក្នុងការចេញចូល ទៅស្រុកកំណើតរបស់ខ្លួន។
លោក សូមគោរពថ្លែងអំណរគុណ សម្ដេចធិបតី ដែលចរចាជាមួយនាយករដ្ឋមន្រ្តីថៃ ដោយលើកលែងយកតម្លៃសេវាការអនុញ្ញាតចេញ ចូល (Re-entry Permit) ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែ៤ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃ ទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាតមកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះ ត្រូវបានសម្រេចមិនយកឡើយ សម្រាប់រយៈពេលពេញមួយខែមេសាខាងមុខ ៕

