កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីបច្ចេកទេស និងមន្ត្រីសាធារណការ ត្រូវមានការសហការគ្នា ដើម្បីថែរក្សាការងារសុវត្ថិភាព ចរាចរណ៍តាមដងផ្លូវឲ្យបានល្អ ។
លោករដ្ឋមន្ត្រីបានលើកឡើងដូច្នេះ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម នៅមន្ទីរសាធារណការខេត្ត ដោយមានការអញ្ជើញ ចូលរួមជាអធិបតី ពីលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមផងដែរ ។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មន្ត្រីសាធារណការ មានភារកិច្ចច្រើន ក្រៅពីការសាងសង់ផ្លូវ ឲ្យបានល្អ ក៏នៅការធានាសុវត្ថិភាព ការធ្វើចរាចរតាមដងផ្លូទៀត និងគិតអំពីមធ្យោបាយចរាចរណ៍នានា ដើម្បីជៀសផុតពីការគ្រោះថ្នាក់ចរាចរណ៍ ។ ជាមួយគ្នានេះ មន្ត្រីសាធារណការ ក៏មានកម្មវិធីអប់រំ ដូចជាការប្រើប្រាស់មួកសុវត្ថិភាព និងផ្សព្វផ្សាយអប់រំផ្នែកច្បាប់ចរាចរ ដល់អ្នករៀនបើកបរជាដើម ដើម្បីគិតគូរដល់សុវត្ថិភាព អំពីគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្នតាមបណ្ដាដងផ្លូវជាតិឃើញថា មានស្លាកសញ្ញាផ្សាយពាណិជ្ជកម្មផ្សេងៗ ច្រើនជាងស្លាកសញ្ញាចរាចរណ៍ ដែលទាំងនេះ គឺជាចំណុចខ្វះខាត ដែលមន្ត្រីសាធារណការយើងត្រូវគិតគូរ ។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជារួមនៅផ្លូវជាតិកម្រិត១ មានប្រវែងជាង ២០០០ គីឡូម៉ែត្រ និងផ្លូវជាតិកម្រិត ២ មានប្រវែង ជាង ៥០០០ គីឡូម៉ែត្រ ហើយការងារដាក់ស្លាកសារាចរណ៍តាមដងផ្លូវ គឺក្រសួងសាធារណការ មានអគ្គនាយកដ្ឋានបច្ចេកទេស ក៏បានជជែកពិភាក្សាគ្នា សូមធ្វើការវាយតម្លៃ ឲ្យបានច្បាស់លាស់ ដែលក្រសួងនិងគិតគូរ ពីដំណាក់កាលជាក់ស្ដែង នៃចំណុចខ្វះខាត ពីព្រោះផ្លូវរឹងមាំ ទៅបានដោយសារកត្តាច្រើនយ៉ាង មានដូចជា ស្លាកសញ្ញាចរាចរ កត្តាដឹកជញ្ជូនលើសទម្ងន់ ការប្រើប្រាស់លើដងផ្លូវ និងកក្តា អាកាសធាតុជាដើម ។
រីឯកត្តាសំខាន់មួយទៀត គឺការជួសជុលផ្លូវ ទៅតាមការកំណត់រយ:ពេលរបស់វា ទៅតាមប្រភេទផ្លូវនីមួយៗ ដូច្នេះមន្ត្រីសាធារណការ និងមន្ត្រីបច្ចេកទេសត្រូវពិនិត្យមើល និងសហការគ្នា ថែទាំផ្លូវឲ្យបានល្អ ៕