ព័ត៌មានជាតិ

ពលរដ្ឋនៅភ្នំពេញ កណ្តាល និងសៀមរាប ខ្ចីលុយច្រើនជាងគេ

ភ្នំពេញ៖ ពលរដ្ឋនៅក្នុងខេត្ត រាជធានីចំនួន៣ បានប្រើប្រាស់ឥណទានច្រើនជាងគេគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ដែលមានទឹកប្រាក់ចំនួន ១១៤,៤៩៦,២១៤ លានរៀល ១៣,១៦៣,៥៩៣ លានរៀល និង ១០,៦៦៧,៨១២ លានរៀល។ នេះបើតាមរបាយការណ៍អំពីស្ថានភាពឥណទានប្រចាំឆ្នាំ២០២៣ ដែលរៀបរៀងដោយស៊ីប៊ីស៊ី។

របាយការណ៍ស្តីពីស្ថានភាពឥណទាននៅកម្ពុជាឆ្នាំ២០២៣របស់ក្រុមហ៊ុនស៊ីប៊ីស៊ី បានកត់ត្រាទិន្នន័យរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាសដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ស៊ីប៊ីស៊ីទាំងអស់ចំនួន ១៩៤ ស្ថាប័ន នៅក្នុងឆ្នាំ២០២៣។

របាយការណ៍ដដែលបន្ថែមថា សមតុល្យឥណទាននៅក្នុងឆ្នាំ២០២៣នេះ មានចំនួនសរុប ២៣២,៣៩៣,៣៩៤ លានរៀល ដែលមានប្រជាជន ប្រើប្រាស់ចំនួន ៤.៩៨លាននាក់ នៅក្នុង២៥ រាជធានី ខេត្ត។ ក្នុងនោះរាជធានី ខេត្តចំនួន ៣ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប បានផ្តល់ឥណទានជិត ៦០% នៃសមតុល្យឥណទានសរុប។ រាជធានីភ្នំពេញមានបរិមាណឥណទានច្រើនជាងគេ ចំនួន ១១៤,៤៩៦,២១៤ លានរៀល ស្មើនឹង ៥០% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៦៧.៧៧ម៉ឺននាក់។

របាយការណ៍នេះបន្តបន្ទាប់មកគឺ ខេត្តកណ្តាល មានបរិមាណឥណទានចំនួន ១៣,១៦៣.៥៩៣ លានរៀល ស្មើនឹង ៧.៨% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៨.៤ ម៉ឺននាក់។ ខេត្តសៀមរាប គឺជាខេត្តបន្ទាប់ដែលមានបរិមាណឥណទានខ្ពស់លំដាប់ទី៣ គឺប្រមាណ ១០.៦៦៧,៨១២ លានរៀល ស្មើនឹង ៤.៦% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣២.៥ ម៉ឺននាក់។ ខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣ មានដូចជា ខេត្តមណ្ឌលគិរី ខេត្តប៉ៃលិន និងខេត្តកែប។

របាយការណ៍បានសង្កត់ធ្ងន់ថា សម្រាប់ការប៉ាន់ស្មានអំពីទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ២០២៣ អត្រានៃការប្រើប្រាស់ឥណទានលក្ខណៈ បុគ្គល ជាមធ្យមនៅក្នុងខេត្តនីមួយៗមានប្រមាណ ៤៩% ធៀបនឹងចំនួនប្រជាជនសរុប ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ។ ខេត្តចំនួន៥ ដែលមានអត្រាប្រើប្រាស់ឥណទានច្រើនជាងគេគឺ រាជធានីភ្នំពេញ (៦៩%) ខេត្តព្រះវិហារ (៦៤%) ខេត្តកំពង់ស្ពឺ (៦៣%) ខេត្តរតនគិរី (៦២%) និងខេត្តប៉ៃលិន (៦០%) ។

បើតាមរបាយការណ៍នេះ ខេត្តចំនួន៥ ដែលនៅមានអត្រា ប្រើប្រាស់ឥណទាននៅទាបនៅឡើយ ដែលមានដូចជា ខេត្តកំពង់ឆ្នាំង (៤៤%) ខេត្តកំពង់ចាម (៤២%) ខេត្តព្រៃវែង (៤០%) ខេត្តត្បូងឃ្មុំ (៣៩%) និងខេត្តបាត់ដំបង (៣៧%)។ បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ មានចំនួន៤.៦% ត្រឹមចុងឆ្នាំ២០២៣។

ខេត្តដែលមានអត្រានៃការសងត្រឡប់យឺតលើសពី៩០ថ្ងៃ ទាបជាងគេមាន ខេត្តស្វាយរៀង (២.៧%) ខេត្តតាកែវ (៣.១%) ខេត្តព្រៃវែង (៣.២%) ខេត្តកែប (៣.២%) និងខេត្តស្ទឹងត្រែង (៣.៣%)។ បើយើងមើលទៅលើខេត្ត និងរាជធានីដែលមានការប្រើប្រាស់កម្ចីច្រើនជាងគេ (៦០%) ខាងលើ យើងឃើញថាមានអត្រានៃអ្នកសង ត្រឡប់យឺតលើសពី៩០ថ្ងៃ ជាមធ្យម ៥.២% មានដូចជា រាជធានីភ្នំពេញ (៥.២%) កណ្តាល (៥.០%) និងសៀមរាប(៧.៨%)។

ជារួម មានអតិថិជនប្រហែល ៧៦% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់តែពី១ស្ថាប័នប៉ុណ្ណោះ និងប្រហែល ២០%នៃអតិថិជនទូទាំងប្រទេស ខ្ចីប្រាក់ពី២ស្ថាប័ន ហើយ ៤% នៃអតិថិជនទូទាំងប្រទេស ខ្ចីប្រាក់ពី៣ស្ថាប័ន។

ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ នៅតែមានអត្រាអ្នកខ្ចីប្រាក់តែពី១ស្ថាប័ន ខ្ពស់ជាងគេលើសពី ៨០% ដែលជាអត្រាមួយល្អ។ ចំណែកឯខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន មានអត្រាអ្នកខ្ចីប្រាក់តែពី១ស្ថាប័ន ទាបក្រោម ៧០% មានន័យ ថាអតិថិជនខ្ចីចាប់ពី២ស្ថាប័នទៅ មានចំនួនប្រហែល៣០% នៅខេត្តទាំងបី។

ចំពោះទិដ្ឋភាពទូទាំងប្រទេស ចំនួនប្រជាជនដែលប្រើប្រាស់ឥណទានសរុបមានចំនួន ៤.៩៨លាននាក់ នៅក្នុង២៥ រាជធានី ខេត្ត ជាមួយនឹងកម្ចីសរុបចំនួន ២៣២,៣៩៣,៣៩៤ លានរៀល ចំណែកឯទំហំទីផ្សារឥណទានទូទាំងប្រទេសវិញ គឺមានអត្រាអ្នកប្រើប្រាស់ចំនួន ៤៩% បើធៀបនឹងប្រជាជនសរុប (១៨ឆ្នាំឡើង)។ ចំណែកឯគុណភាពឥណទានវិញគឺមានអត្រាយឺតយ៉ាវក្នុងការសងត្រឡប់លើសពី៩០ថ្ងៃ មានអត្រា ៤.៦% និងអតិថិជនភាគច្រើន (៧៦%) ខ្ចីប្រាក់តែពី១ស្ថាប័ន។

របាយការណ៍ឥណទាននេះ បង្ហាញអំពី (១) ទិដ្ឋភាពឥណទានប្រចាំខេត្ត ឬរាជធានី (២) ចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងដំណើការ (៣) ការប្រើប្រាស់ឥណទាន (៤) ការប៉ាន់ស្មានទំហំទីផ្សារឥណទាន និង (៥) គុណភាពឥណទាន នៅតាមស្រុក/ខណ្ឌ/ក្រុង។ ទិន្នន័យនៅក្នុងរបាយការណ៍ឥណទាននេះរួមបញ្ចូល ឥណទានលក្ខណៈបុគ្គល និងឥណទានលក្ខណៈគ្រឹះស្ថាន ឬ សហគ្រាសទូទាំងប្រទេស។

ស៊ីប៊ីស៊ី សង្ឃឹមយ៉ាងមុតមាំថារបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជាប្រចាំឆ្នាំ២០២៣នេះ នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងអាចផ្តល់អត្ថប្រយោជន៍ ក៏ដូចជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ផងដែរ៕

To Top