អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ខណៈពេលដែលនយោបាយស្ថិតនៅក្រោមការគ្រប់គ្រងរបស់លុយកាក់ ប្រជាធិបតេយ្យក៏ក្លាយជាវត្ថុឥតប្រយោជន៍ដែរ

“សហរដ្ឋអាមេរិក​គឺជាប្រទេស​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​មហាសេដ្ឋី​ តែ​មិនមែនជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នោះទេ ។”​ ពេលថ្មីៗ​កន្លងទៅនេះ​ លោក​ Kishore ​Mahbubani ​បញ្ញវន្ត​សិង្ហបុរី​បាន​វាយតម្លៃ​ដូចពោល​ខាងលើ​ពេល​ផ្តល់​បទសម្ភាសន៍​ ។ តាម​ការពិត ​នៅ​សហរដ្ឋអាមេរិក​ “ប្រជាធិបតេយ្យ​”បម្រើ​មហាសេដ្ឋី ​និងលុយកាក់​បានគ្រប់គ្រង​លើអំណាច ​វាលែងជា​ការសម្ងាត់​ទៀតនោះទេ ។

ការពិតជា​ច្រើនបាន​បង្ហាញថា ​លុយកាក់​ជាប្រភពធនធាន​របស់​នយោបាយ​អាមេរិក​ ដែលបាន​ផ្សារភ្ជាប់​ជាមួយ​ការបោះឆ្នោត​ នីតិប្បញ្ញត្តិ​និង​ការអនុវត្ត​គោលនយោបាយ​ ។ ៩១ភាគ​រយនៃ​ការបោះឆ្នោត​ជ្រើសរើស​រដ្ឋសភាអាមេរិក​ភាគច្រើន​សុទ្ធតែជា​បេក្ខជន​ឈរឈ្មោះ​ដែលទទួលបាន​ការគាំទ្រ​ផ្នែកមូលធន​ច្រើនបំផុត​បានជាប់ឆ្នោត​ ។ ប្រជាធិបតេយ្យ​បែបអាមេរិក​គឺជា “​ល្បែងរបស់​អ្នកមាន”​ដែលបង្កើត​ឡើងលើ​មូលដ្ឋាន​ប្រាក់ទុន ​។ ពេល​អ្នកនយោបាយ​អាមេរិក​លូននៅក្រោម​ជើងមាសប្រាក់ ​នោះ ​អំណាច​របស់ពួកគេ​មុខជានឹង​បម្រើដល់​អ្នកមាន​ភាគតិចដែល​មានមូលធន​ជាក់ជាមិនខាន​ ហើយ​សំណូមពរ​និងផលប្រយោជន៍​របស់ប្រជាជន​សាមញ្ញ​ដ៏ច្រើន​រាប់មិនអស់​បែរជា​ត្រូវគេ​ដាក់ទៅម្ខាង ។

នៅឆ្នាំ២០២០​ របាយការណ៍​មួយដែល​សំដៅចំពោះ​ប្រទេស​ចំនួន១៦៣​បានបង្ហាញ​ឱ្យដឹងថា ​ក្នុង​ចំណោម​“សន្ទស្សន៍​អភិវឌ្ឍន៍​សង្គម”​ក្នុង​រយៈពេល​ជិត១០ឆ្នាំ​កន្លងទៅនេះ​ ត្រឹមតែ​ប្រទេស​ចំនួនបីដែល​រួមមាន​សហរដ្ឋអាមេរិក​ផងនោះ ​បាន​មាន​សភាពធ្លាក់ចុះ ​ហើយ​សន្ទស្សន៍​ទូទៅរបស់​សហរដ្ឋអាមេរិក​បានធ្លាក់ចុះ​ច្រើនបំផុត ។​ សូម្បីតែ​មនុស្សវណ្ណៈ​កណ្តាលដែល​ត្រូវចាត់ទុកជា​សសរទ្រូង​របស់​សហរដ្ឋអាមេរិក​នោះ ​ក៏ជួប​ការលំបាក​កាន់តែច្រើន​ឡើងៗ​ផងដែរ ​មិនត្រឹមតែ​សមាមាត្រ​កាន់តែតូច​ទៅៗប៉ុណ្ណោះទេ ​ថែមទាំង​“ទ្រព្យសម្បត្តិ​ក្នុងគ្រួសារ​អាមេរិក​ក៏មិនបាន​កើនឡើង​ក្នុងរយៈពេល​ជិត២០ឆ្នាំ​កន្លងមក​ទៀតផង” ។

គោលបំណង​ដើមនៃ​ប្រជាធិបតេយ្យគឺ ​“អធិបតេយ្យភាព​ស្ថិតនៅលើ​ប្រជាជន”​ ហើយ​ធ្វើឱ្យ​ប្រជាជន​ធ្វើជាម្ចាស់ផ្ទះ​។ ប៉ុន្តែ​ឋិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​អ្នកនយោបាយ​អាមេរិកដែល​បម្រើតែ​ផលប្រយោជន៍​លុយកាក់នោះ ​“ប្រជាធិបតេយ្យ​បែបអាមេរិក​”ក៏ប្រៀបដូចជា​ទិដ្ឋភាព​ក្នុងភាពយន្ត ​Hollywood ​ដែល​បាន​រៀបចំ​ដោយ​ចេតនា​ ពោលគឺ​ ប្រជាជន​ធម្មតាត្រូវ​បាន​ចាត់ទុកជា​ “អ្នកសម្តែង​ទូទៅ”​ អ្នក​នយោបាយ​ទាំង​អស់ស្រែកក្ដែងៗ​អំពីប្រជាជន​នៅមុខឆាក​ តែបែរជា​ប្រព្រឹត្ត​ការជួញដូរ​អំណាច​និងលុយនៅ​ពីក្រោយ​ឆាកទៅវិញ ​ដើម្បីបម្រើ “​មនុស្ស​ភាគតិច” ។

អ្នកផងទាំងពួង​មានហេតុផល​ចោទសួរថា​ តើសហរដ្ឋអាមេរិក​នៅតែមាន​លក្ខណៈ​សម្បត្តិ​ពាក់អាវ “​ប្រជាធិបតេយ្យ”​ទេ?​តើអាមេរិក​នៅមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ធ្វើជាគំរូសំរាប់​ប្រទេសនានា​លើ​ពិភពលោក​ទៀត​ឬទេ?​ហើយ​ ទស្សនាវដ្តី ​《The ​New ​Yorker​》​ របស់​អាមេរិក​ទ្រាំមិនបាន​ក៏សួរ​ត្រង់ៗថា ​តើ​ប្រជាធិបតេយ្យ​របស់យើង​អាចបន្ត​ទៅទៀតទេ?

ក្នុងរយៈពេល​ជាង១០០​ឆ្នាំមុន ​លោក Louis ​D.​Brandeis ​ចៅក្រម​តុលាការ​កំពូល​របស់​អាមេរិកធ្លាប់​និយាយថា​ “ប្រទេសនេះ​នឹងមាន​ប្រជាធិបតេយ្យ ​ឬក៏​ទ្រព្យសម្បត្តិ​ត្រូវប្រមូល​ផ្តុំក្នុង​កណ្តាប់ដៃ​មនុស្ស​ភាគតិច ​ប្រការ​ទាំងពីរនេះ​រើសយក​បានតែ​មួយទេ។” ​ខណៈពេល​នយោបាយ​លុយកាក់​បានក្លាយជា ​“ដុំសាច់​មហារីក”​ដែល​ពិបាក​កំចាត់ចោល​នៅក្នុង​សង្គមអាមេរិក​ រដ្ឋាភិបាល​អាមេរិក​បែរជា​មាន​ភាពក្លាហាន​រៀបចំអ្វី​ដែលហៅថា ​“កិច្ចប្រជុំកំពូល​អំពី​ប្រជាធិបតេយ្យ”​វាពិតជា​រឿងគួរឱ្យអស់​សំណើចខ្លាំង​ណាស់!

To Top