ភ្នំពេញ៖ លោក សាន គីមហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក បានឱ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែមេសានេះ មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួងការងារ អនុព័ន្ធការងារ អមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្របសម្រួលផ្នែកឯកសារ ដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែន ខាងប្រទេសថៃ ដែលជាទីត្រូវបំពេញនីតិវិធី មុនពេលបានចាកចេញមកកម្ពុជា ខណៈដែលពលរដ្ឋខ្មែរ កាន់តែច្រើនបានសម្រុក ចាកចេញមកស្រុកកំណើត សម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខ ។

លោក សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា ៖ «មន្ត្រីយើង បានចុះទៅជួយសម្រួលឯកសារ ដល់បងប្អូនពលករ ដើម្បីឱ្យគាត់ចេញមកបានលឿន រហ័ស ដោយមិនអស់ថរិកាអ្វីទាំងអស់»។

ការដាក់មន្ត្រីសម្របសម្រួលនេះ គឺធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកកម្ពុជាវិញដោយឥតគិតថ្លៃ តាមការព្រមព្រៀង រវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ដែលជាកាដូ ជូនពលរដ្ឋទាំងសងខាង សម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ទៅតាមគំនិតផ្តួចផ្តើម របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ ក្នុងពេលជំនួបផ្លូវការ រវាងមេដឹកនាំទាំងពីរ នៅទីក្រុងបាងកក ។

បើយោងតាមសេចក្តីប្រកាស របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរដែលធ្វើដំណើរ ត្រឡប់ពីប្រទេសថៃវិញ មានចំនួនជាង៩ម៉ឺន៧ពាន់នាក់ ខណៈដែលពលករមានជាង៣ម៉ឺន១ពាន់នាក់ ៕




