កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញ ចូលរួមពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតនៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ។


នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត និងលោក លោកស្រី ជាប្រតិភូអមដំណើរ បានអញ្ជើញអុជធូប ថ្វាយបង្គំព្រះរតនត្រ័យ ប្រគេនចង្ហាន់ ដល់ព្រះសង្ឃ និងអញ្ជើញចូលរួម ជាមួយ បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ក្នុងពិធីបង្សុកូល ពិធីរាប់បាត្រ និងពិធីពូនភ្នំខ្សាច់ ដែលព្រះសង្ឃ គណៈកម្មការ និងអាចារ្យវត្ត បានរៀបចំឡើង ទៅតាមកិច្ចសាសនា ។

គួររំលឹកដែរថា នៅក្នុងឱកាស នៃថ្ងៃប្រារព្ធពិធីបុណ្យធំៗ ដូចជា ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌជាដើម គេសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា រមែងនាំគ្នា យកចង្ហាន់ ឬទេយ្យទានផ្សេងៗ មាន ៖ ម្ហូប អាហារ នំ ចំណី ទៅវេរប្រគេនព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បី ឧទ្ទិសមគ្គផល និងគុណូប្បការៈទៅដល់បុព្វការីជន ឬអ្នកមានគុណ មានមាតា បិតា ជីដូន ជីតា ដែលបានចែកឋាន ទៅកាន់បរលោក ឲ្យងាគបែក្រោយ ឲ្យពរសព្វសាធុការ ដល់កូន ចៅ ក្នុងបច្ចុប្បន្នជាតិ សូមប្រកបតែសេចក្ដីសុខចំរើន ។ ទន្ទឹមនឹងនេះ វាក៏ជាឱកាស ឲ្យប្រជាពលរដ្ឋយើង បានយកចំណីអាហារ និងទេយ្យទានផ្សេងៗ ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ នៅតាមទីអារាមនីមួយៗ ផងដែរ ៕
