ភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីង ខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូង ស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ដែលការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អង្គការ Fauna & Flora – Cambodia Programme នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា តាមរយៈកិច្ចសហការនេះដែរ យើងបានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជាសត្វស្វាកន្ទុយវែងជាប្រភេទជិតផុតពូជ សំពោចធំ សត្វភេរោមច្រមុះ( ភេខ្មៅ) និងខ្លាត្រីជាប្រភេទងាយរងគ្រោះ។

អង្គការនេះបញ្ជាក់ទៀតថា ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើង នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣,៧៥០ ហិចតា) និងតំបន់រ៉ាមសារកោះកាពិ(១២,០០០ ហិចតា)។
ការរកឃើញនេះផ្តល់ជាចំណេះដឹង មូលដ្ឋានអំពីជីវចម្រុះក្នុងតំបន់នោះ ហើយយើងរំពឹងថានឹងអាចរកឃើញ ប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការ សិក្សាស្រាវជ្រាវនាពេលអនាគត ៕




