ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ បុណ្យចូលឆ្នាំថ្មី បង្ហាញពីទំនុកចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំង របស់ពលរដ្ឋខ្មែរ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មី ដ៏សប្បាយរីករាយ នាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែកើតឡើងដោយសារទំនុកចិត្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំរបស់កម្ពុជា។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី បានទទួលការចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ដែលគេមិនធ្លាប់មានកាលពីពេលមុន។ ចលនាទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ និងការសប្បាយរីករាយដ៏ឧឡារិកអធិកអធមយ៉ាងក្រៃលែងបែបនេះបានញ៉ាំងឲ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រៅពីពលរដ្ឋខ្មែរ ក៏មានដែរភ្ញៀវទេសចរបរទេសរាប់សែននាក់បានចូលរួមសប្បាយរីករាយ។

អ្នកនាំពាក្យបន្ដថា សុខសន្តិភាព ស្ថិរភាពនយោបាយក៏ដូចជាការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំបានល្អរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗផង គឺជាហេតុផលដ៏សំខាន់ដែលជំរុញប្រជាពលរដ្ឋចូលរួមនិងសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែ មានហេតុផលចម្បងជាងគេបំផុតមួយទៀតដែលគេមិនអាចមើលរំលងបាន នោះគឺទំនុកចិត្តនិងភាពកក់ក្តៅដែលប្រជាពលរដ្ឋខ្មែរទទួលបានជាងពេលណាៗទាំងអស់ពីថ្នាក់ដឹកនាំរបស់ខ្លួន។

អ្នកនាំពាក្យបន្ថែមថា នៅម្ខាង កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីវ័យក្មេងដែលពោរពេញដោយថាមពលនិងសមត្ថភាពខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ជាទីសង្ឃឹម រីឯនៅម្ខាងទៀត កម្ពុជាក៏មានអ្នកនយោបាយជើងចាស់ដែលពោរពេញដោយបទពិសោធន៍ គ្មានគូប្រៀបគឺ សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍគ្រប់បែបយ៉ាងសម្រាប់កម្ពុជា ហើយដែលទើបតែក្លាយជាប្រធានព្រឹទ្ធសភានីតិកាលទី៥កាលពីពេលថ្មីៗនេះ។

អ្នកនាំពាក្យឲ្យដឹងទៀតថា ដូច្នេះ ឆ្នាំ២០២៤នេះ គឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិលើកដំបូង ក្នុងអាណត្តិដឹកនាំថ្មីរបស់ឥស្សរជននយោបាយទាំងពីរដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តវេនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរួចទៅហើយដោយទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ៨២%។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «ដូច្នេះ ការចូលរួមសាទរអំណរឆ្នាំថ្មីប្រពៃណីជាតិដ៏សប្បាយរីករាយនាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែ វាកើតឡើងដោយសារទំនុកចិត្តនិងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំក៏ដូចជាចំពោះអនាគតប្រទេសជាតិដ៏ជាទីសង្ឃឹមលើសពីពេលណាៗទាំងអស់។ ចំនួនទេសចរក្នុងស្រុកដ៏ច្រើនលើសលប់នេះក៏ជាសារបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះឥស្សរជននយោបាយដ៏ខ្លាំងពូកែទាំងពីររូប គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់»៕

To Top