ព័ត៌មានជាតិ

បទអត្ថាធិប្បាយ ៖ ប្រជាជនកម្ពុជា-ចិន មានតួនាទីសំខាន់ ក្នុងការជំរុញ ឱ្យទំនាក់ទំនង ទៅវិញទៅមក

ភ្នំពេញ ៖ ប្រជាជនកម្ពុជា-ចិន ជាពិសេសយុវជន ពិតបានដើរតួនាទីសំខាន់ណាស់ ក្នុងការជំរុញឱ្យទំនាក់ទំនង ទៅវិញទៅមក ឱ្យកាន់តែរឹងមាំថែមទៀត ខណៈដែលទំនាក់ទំនង ប្រទេសយើងទាំងពីរ កំពុងឈានដល់ចំណុចល្អលើគ្រប់វិស័យ ។

លោកបណ្ឌិត កៅមុយ ថង អ្នកវិភាគនៅកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះ ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងមួយ ឈានទៅដល់ ទំនាក់ទំនងមិត្តភាព គ្រប់ជ្រុងជ្រោយ ឬហៅថា ទំនាក់ទំនងពេជ្រប្រាំមួយជ្រុង ហើយដែលយើងកំណត់ថា ឆ្នាំ២០២៤ ជាឆ្នាំមួយផ្លាស់ប្ដូរទំនាក់ទំនង រវាងប្រជាជន និងប្រជាជនដើម្បីជំរុញ នៃការអភិវឌ្ឍ ប្រទេសយើងទាំងពីរលើគ្រប់វិស័យ ។

លោកបណ្ឌិតបញ្ជាក់ថា យើងមិនមែនធ្វើមានតែទំនាក់ ទំនងរដ្ឋនិងរដ្ឋ ឬស្ថាប័នកំពូលនៃរដ្ឋាភិបាលទេ គឺយើងឈានទៅដល់ការធ្វើ ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដើម្បីស្វែងយល់ និងជោគជ័យទាំងអស់គ្នា នៅលើគ្រប់កម្រិត ។

លោកបណ្ឌិត បានបន្ថែមថា «គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញនូវការយល់ដឹងអំពីវប្បធម៌ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ មិនមែនគ្រាន់តែរដ្ឋាភិបាលត្រូវយល់ទេ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវយល់ដឹងដែរ ។ ឧទាហរណ៍យើងមិនត្រូវមានការរើសអើង យើងមិនត្រូវនិយាយថា ជនជាតិនេះ ជនជាតិនោះទេ អាហ្នឹងគឺខាតបង់ទាំងអស់ ប្រសិនបើយើងរើសអើង យើងលាបពណ៌ជនជាតិនេះ ជនជាតិនោះអាក្រក់ ជនជាតិនេះអ៊ីចេះអ៊ីចុះ គឺខាតបង់ហើយ ។ អ៊ីចឹងខ្ញុំសូមអំពាវនាវថា មិនត្រូវលាបពណ៌នូវជនជាតិបរទេសនោះទេ ។ ប្រទេសគេគឺគេព្យាយាមធ្វើយ៉ាង ម៉ិចឱ្យមិន ឱ្យលាបពណ៌ទេ រហូតដល់ថា ពេលយើងខុសឆ្គងបន្តិចបន្តួច គេលើកលែងទាំងស្រុង នូវជនបរទេស ដើម្បីជំរុញនូវទំនាក់ទំនង ឱ្យកាន់តែល្អប្រសើរនៃប្រជាជន និងប្រជាជន ។»

លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យទំនាក់ទំនងកម្ពុជាចិនកាន់តែល្អថែមទៀតនោះ ប្រជាជន នៃប្រទេសទាំងពីរគប្បីស្វែងយល់ពីវប្បធម៌រវាងគ្នានិងគ្នា ហើយដាច់ខាតមិនត្រូវមានការលាបពណ៌គ្នា មិនត្រូវនិយាយពីចំណុចអវិជ្ជមានរបស់គ្នា យើងត្រូវយល់ដឹងពីចំណុចល្អរបស់គេជារឿងសំខាន់។

លោកបណ្ឌិត ជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជា-ចិនបានចូលរួមជាគំនិតដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវដែលដាក់ចេញ ដោយលោកស៊ីជីងពីងប្រធានាធិបតីចិន នៅក្នុងនោះមានចំណុចមួយដែលសំខាន់ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។ ហើយដោយឡែកឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីបានកំណត់យកជាឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បីបង្កើនល្បឿនស៊ីជម្រៅ ពីគ្នាទៅវិញទៅមក។

លោកបណ្ឌិត បានបញ្ជាក់ថា « ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យប្រជាជនចិន យល់កាន់តែស៊ីជម្រៅ ពីប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ក៏ត្រូវយល់ដឹង ដូចគ្នាដែរ ។ ដើម្បីយល់ច្បាស់ប្រជាជន ជាពិសេសយុវជនកម្ពុជា ជាអ្នកបន្តវេន ត្រូវស្វែងយល់ពីឱ្យបានច្បាស់លាស់ ទៅតាមលក្ខខណ្ឌទិដ្ឋភាព ប្រវត្តិសាស្ត្រ ច្បាប់ ជាពិសេសការសម្រេច របស់អង្គការសហប្រជាជាតិ ស្តីពីការទទួលស្គាល់ចិនតែមួយ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាលក្ខណៈកល្យាណមិត្តផង ជាមិត្តដែកថែបរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំថែមទៀតផង ។»

សម្រាប់ឆ្នាំ២០២៤ នេះក្រុមអ្នកវិភាគ និងសង្គមស៊ីវិលនៅកម្ពុជាបានបង្ហាញក្តីសង្ឃឹម ជឿជាក់ថា ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន នឹងកាន់តែរឹងមាំ គង់វង្សស្ថិតស្ថេរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ។ ផ្នែកលើទំនាក់ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ និងការសហការគ្នា ជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកម្ពុជា-ចិន ប្រទេសទាំងពីរកាន់តែយល់ចិត្តគ្នា ហើយគាំទ្រគ្នាគ្រប់កាលៈទេសៈ ៕

To Top