ព្រៃវែង ៖ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយ នឹងលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តី នៃនាយកដ្ឋាន ធារាសាស្រ្តកសិកម្ម របស់ក្រសួង ព្រមទាំង មានកិច្ចសហការល្អ ជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ពាក់ព័ន្ធទាំងអស់ បានធ្វើអន្តរាគមន៍ សង្គ្រោះស្រូវប្រាំង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿង ចក្រធុនធ្ងន់ របស់ក្រសួង ដើម្បីបូមទឹក និង កាយប្រឡាយ នាំទឹកទៅសង្គ្រោះស្រូវប្រាំង ជូនប្រជាកសិករ ដែលបាននិងកំពុងជួបប្រទះនូវបញ្ហាខ្វះទឹកខ្លាំង ដោយទទួលបានលទ្ធផល គួរជាទីកត់សម្គាល់។
សកម្មភាពអន្តរាគមន៍ និងលទ្ធផល ដែលទទួលបានមានដូចជា ៖
-ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ៖ បានចុះជួយអន្តរាគមន៍បូមទឹក នៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកិច្ចការងារអន្តរាគមន៍បូមទឹកនេះ បានប្រើប្រាស់ នូវម៉ាស៊ីនបូមទឹក ចល័តសរុបចំនួន ៦គ្រឿង បូមឆ្លាស់គ្នា យកទឹកពីព្រែក តាតាំ ដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវ បងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ស្ថិតនៅក្នុងភូមិចំនួន៥ គឺ ភូមិជើងទឹក (ក) ជើងទឹក(ខ) កំពង់អាទង់ ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយទទួលបានជោគជ័យ១០០% ។
-ចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ៖ ការងារស្ដារប្រឡាយស្ពាន លេខ២ ប្រវែង ៣០០០ម៉ែត្រ ដើម្បីទាញយកទឹក ពីអាងទឹកស្នេហ៍ សម្រាប់ជួយសង្រ្គោះស្រូវប្រាំង ចំនួន ៤៤៧ហិកតា ស្ថិតនៅក្នុងភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ដោយសម្រេច បាននូវលទ្ធផល១០០% ។
ជាការឆ្លើយតប តំណាងបងប្អូនប្រជាពលរដ្ឋ មេឃុំ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាកសិករ ដែលជួបបញ្ហាខ្វះទឹកខ្លាំងជាងគេ បានបង្ហាញនូវក្តីរីករាយ និង សូមថ្លែងអំណរគុណដល់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ជាប្រចាំនូវសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយបានជួយដោះស្រាយ បញ្ហាទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕