ភ្នំពេញ ៖នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចរបស់ អភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូជាន់ខ្ពស់នេះ ធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធបន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលនៃសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, អភិសន្តិបណ្ឌិត ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់៕