ភ្នំពេញ ៖ នារាត្រីថ្ងៃ២០ មេសានេះ ក្នុងឱកាសលើកឡើងពីស្នាដៃរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណា នូវសារផ្តាំផ្ញើទៅកាន់ក្រុមយុវជនជំនាន់ក្រោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកពីវីរៈភាពរបស់លោកសាស្ត្រាចារ្យថា ការបាត់បង់សាស្ត្រាចារ្យ គឺជាការបាត់បង់ធំធេងធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជា។
បើតាមហ្វេសប៊ុករបស់សម្តេចនារាត្រីថ្ងៃដដែលនេះ គឺលោកសាស្ត្រាចារ្យដែលមុនពេលចែកឋានបានឆ្លៀតផ្តែផ្តាំកូនចៅជំនាន់ក្រោយដែលសារនេះមានសារៈសំខាន់ខ្លាំង។ សារផ្ដាំផ្ញើចុងក្រោយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា ការពារ និងលើកតម្កើងមរតកវប្បធម៌ជាតិឱ្យគង់វង្សជានិរន្តរ៍តទៅ។
សម្តេចតេជោបន្តថា ទោះបីពេលនេះ លោកសាស្ត្រា ចារ្យបានឃ្លាតកាយឆ្ងាយទៅហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប។
ដោយសម្តេចបានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសពលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រថា “ការបាត់បង់លោកសាស្ត្រាចារ្យមិនត្រឹមតែជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល”។
សម្តេចក៏បានថ្លែងអំណរគុណលោក សាស្ត្រាចារ្យផងដែរដែលបាន ជួយសម្តេចនិងសម្តេចធិបតីក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។
សម្តេចថា ជំនួយរបស់សម្តេចនិងភរិយា១០មុឺនដុល្លារ ដើម្បីព្យាបាលកាលពី២ខែមុន មិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេប្រហែលមកពីយឺតពេល៕