ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រកម្ពុជា ចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារបច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ។
នាឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក នាថ្ងៃ២២ មេសា សម្តេចធិបតីគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេស ក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើង ដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឲ្យទាន់ពេល ទៅនឹងកំណើននៃតម្រូវការថ្មី របស់ប្រជាពលរដ្ឋ ។
សម្ដេចធិបតីបន្ដថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា អាចបង្រួមគម្លាត ក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺ អាចចែករំលែកបាន នូវផ្លែផ្កានៃការអភិវឌ្ឍ ដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា ។ សម្ដេចថា «ដូចបណ្តាប្រទេសនានាដែរ កម្ពុជាបានចាត់ទុក បច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារ បច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈចាំបាច់ ក៏ដូចជាកសាងសង្គមទំនើប និងស៊ីវិល័យមួយ ដែលពលរដ្ឋអាចទទួលបានផលប្រយោជន៍ ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់»។
សម្ដេចធិបតីបន្ថែមថា បច្ចេកវិទ្យាឌីជីថល អាចជួយរក្សាបានអត្តសញ្ញាណ និងវប្បធម៌ជាតិ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានប្រកាសដាក់អនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោលគឺបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពថ្មីមួយកំណត់ក្នុងបញ្ចកោណទី៥ គឺ «ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល» ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់អនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ ២០២០-២០៣០»ដែរ៕