ព័ត៌មានជាតិ

ការដាក់ឱ្យអនុវត្ត ប្រព័ន្ធគ្រប់គ្រង ពលករបរទេស តាមប្រព័ន្ធអនឡាញ គឺជាការធ្វើទំនើបកម្ម សេវាកម្មបែបឌីជីថល របស់ក្រសួងការងារ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រង ទិន្នន័យកម្លាំងពលកម្មបរទេស (The Foreign Workers Centralized Management System-FWCMS) សម្រាប់ផ្តល់ជូននូវការបំពេញបែបបទ និងនីតិវិធីការអនុញ្ញាត ឱ្យជនបរទេសធ្វើការ នៅកម្ពុជា នៅលើប្រព័ន្ធអនឡាញ ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣ មីនា ២០២៤ ។

លោកបានគូសបញ្ជាក់បន្ថែមថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំង ពលកម្មបរទេស តាមប្រព័ន្ធអនឡាញនេះ និយោជក ឬជនបរទេសអាចស្នើសុំសេវា មានដូចជា ទី១. លិខិតអនុញ្ញាតប្រើប្រាស់ ហត្ថពលកម្មបរទេស (សម្រាប់និយោជក) ទី២. ការចុះបញ្ជិកាកិច្ចសន្យា ការងារជនបរទេស (សម្រាប់និយោជក) និងទី៣. បណ្ណការងារ និងសៀវភៅការងារ ជនបរទេស (សម្រាប់សាមីជនបរទេស)។ ទម្រង់បំពេញបែបបទ និងនីតិវិធីទាំងនេះ ត្រូវបានក្រសួងការងារ ដាក់នៅលើគេហទំព័រ របស់ក្រសួងផ្ទាល់ ដើម្បីសម្រួលដល់និយោជក និងជនបរទេសប្រើប្រាស់គ្រប់ពេលវេលា នៅលើប្រព័ន្ធអ៊ីនធើណេត រួមទាំងមានជាភាសារ អង់គ្លេសផងដែរ ។

លោកបន្តថា ប្រព័ន្ធគ្រប់គ្រងជនបរទេស តាមប្រព័ន្ធអនឡាញ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ភាពងាយ ស្រួល ទៅដល់ជនបរទេស នូវសេវាកម្មទាំងអស់ ដែលទាក់ទងនឹង បណ្ណ និងសៀវភៅ ការងារ និងសេវាកម្មនៃច្រកចេញចូលតែមួយ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅលើប្រព័ន្ធអ៊ីនធើណេត ។

លោកគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្ត នូវប្រព័ន្ធគ្រប់គ្រង ពលករបរទេសតាមប្រព័ន្ធអនឡាញ នេះគឺជាការធ្វើទំនើបកម្មសេវាកម្ម បែបឌីជីថលរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល៥ឆ្នាំ ស្តីអំពីការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តបញ្ជកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះផងដែរ ៕

To Top