ព័ត៌មានជាតិ

៥ថ្ងៃក្រោយចូលឆ្នាំថ្មី មន្ត្រីផ្ដល់អត្តសញ្ញាណប័ណ្ណជាង ៨ពាន់សន្លឹកទៀត ដល់ពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការឈប់សម្រាកអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ច ខ្លួបដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៨ ៨៧២សន្លឹក បានបន្តផ្ដល់ជូនប្រជាពលរដ្ឋ នារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១មេសា ។

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឲហតដឹងថា នាថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចូល បម្រើការងារ ដំបូងក្រោយចូលឆ្នាំថ្មី មន្ត្រីជំនាញបានផ្តល់អត្តសញ្ញាណបណ្ណចំនួន ២ ៥១៨សន្លឹក ថ្ងៃទី១៨ ផ្ដល់បានចំនួន៩៩៨សន្លឹក ថ្ងៃទី១៩ ផ្ដល់បានចំនួន១ ៤១៩សន្លឹក ថ្ងៃទី២០ ផ្ដល់បានចំនួន២ ៣២០សន្លឹក និងនៅថ្ងៃទី២១ ខែមេសា ផ្តល់បានចំនួនសរុប១ ៦១៧សន្លឹក។

អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់សម្គាល់ អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗ មានសញ្ជាតិជាខ្មែរ។ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជនយកទៅ ប្រើប្រាស់បំពេញ សំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់ ។ ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ នៅអធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹង របស់អាជ្ញាធរ ។

សូមបញ្ជាក់ថា លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវា ធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ បានឆាប់រហ័ស ជាពិសេសពិនិត្យលទ្ធភាព បន្ថែមទៀត ដើម្បីឈានទៅពង្រឹងគុណភាព នៃផ្តល់សេវាជូនប្រជាពលរដ្ឋ ៕

To Top