ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានចាត់ទុកទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ដោយឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក ។
ការបញ្ជាក់របស់ប្រធានរដ្ឋសភាកម្ពុជា នារាត្រីថ្ងៃ២៤ មេសា ខណៈបានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ លោក អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះពិភាក្សា ផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តី ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អបរំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថានភាព ភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។

សម្តេចរដ្ឋសភាគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និត ជាមួយគ្នាជាយូរមកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ជាមួយព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន។

ជាមួយនឹងទំនាក់ទំនងដ៏ល្អនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវដំណើរ ទៅកាន់ប្រទេសជប៉ុនរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំនេះ ដែលនាពេលនោះសម្តេចតេជោ បានជួបលោក ហ្វុមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន លោក កូមួរ៉ា ម៉ាសាហ៊ិកូ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងគោលបំណងពង្រឹង ចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។
សម្តេចលើកឡើងបន្ថែមថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនង និងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម ការគោរពគ្នា ការជឿជាក់ និងផ្តលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ចំណែក ឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះវឌ្ឍនភាពនៃការ រីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ចាប់តាំងពីដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ដំណើរការស្តារកម្ពុជាឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិល រហូតទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ឆ្លើយតបនឹងការលើកឡើងរបស់ទូតជប៉ុន សម្តេចរដ្ឋសភាថា ការអភិវឌ្ឍរបស់កម្ពុជា គ្រប់វិស័យមកទល់សព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភជ្រោមជ្រែង និង គាំទ្រដ៏ធំធេងនិងមានតម្លៃ ពីមិត្តជប៉ុនបានឡើយ ទាំងជំនួយផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងធនធានមនុស្សជាដើម ៕
