ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតបាល់ទាត់ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម និងក្នុងនាមសម្តេច ជាគ្រូបង្វឹកកិត្តិយស ដើម្បីគៀងគរថវិកា ពីសប្បុរជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាល្ងាចថ្ងៃទី១ ឧសភា នៅពហុកីឡដ្ឋានអូឡាំពិក ។

យោងតាមហ្វេសប៊ុកសម្តេចតេជោ នាថ្ងៃទី២៥ មេសានេះ បានឲ្យដឹងថា សម្តេចត្រូវបានអញ្ជើញ ឲ្យធ្វើជាគ្រូបង្វឹកកិត្តិយស របស់ក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម។

ក្នុងនោះសម្តេចតេជោ បានលើកឡើងថា ព្រឹកថ្ងៃ២៥ មេសានេះ ខ្ញុំបានជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការ សម្រាប់សកម្មភាពមនុស្សធម៍ រយៈពេលខ្លី មធ្យមនិងរយៈពេលវែង របស់ក្រុមបាល់ទាត់មួយនេះ។

អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ ឧសភា ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានអូឡាំពិក
ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។


សម្តេចតេជោ បញ្ជាក់ថា “ខ្ញុំនឹងចូលរួមដឹកនាំការប្រកួត ជាមួយគ្រូបង្វឹកផ្លូវការ នៅស្តាតអូឡាំពិក នាល្ងាចថ្ងៃ១ឧសភា២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញុំគឺ3.4.3″។

សម្តេចក៏បានអំពាវនាវ ឲ្យមានការចូលរួមទស្សនា ឲ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ ។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវសប្បុរសជន ចូលរួមជួយថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ ព្យាបាលដល់កុមារកម្ពុជា។

សម្តេចតេជោ បញ្ជាក់ថា “សម្រាប់ខ្ញុំនិងភរិយា នឹងចូលរួមចំនួន ២០០លានរៀល”។
សម្តេចបន្តទៀតថា ក្នុងករណីបងប្អូនចង់ចូលរួម តាមរយៈសម្តេចទាក់ទង ទៅលោកសៀង ទៀង ដែល មានលេខទូរស័ព្ទ ០១២ ៩៦១៩៧១៕


