ភ្នំពេញ ៖ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញ ចុះពិនិត្យការផ្តល់សេវា សុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃ២៥ មេសា បានផ្តាំទៅកាន់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យនេះ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវបន្តខិតខំប្រឹង ព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេច បាននូវការគ្របដណ្តប់ សុខភាពជាសកល។
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកផ្តល់សេវាសុខាភិបាល ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវរៀបចំកិច្ចប្រជុំពិភាក្សា ជាប្រចាំ ជាមួយក្រុមគ្រូ ពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ដើម្បីជួយសង្រ្គោះអាយុជីវិត អ្នកជំងឺឲ្យអស់ពីសមត្ថភាព និង លទ្ធភាព ព្រមទាំងបន្តបណ្តុះបណ្តាល ធនធានមនុស្សឲ្យមានជំនាញ ច្បាស់លាស់បន្ថែមទៀត ស្របតាមការរីកចម្រើន វិស័យសុខាភិបាល លើសកលលោក៕