ភ្នំពេញ ៖ អង្គភាពគយក្រោមឱវាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបនិង ដុតកម្ទេចបំណែកសាច់ គ្រឿងក្នុងជ្រូក និងសាច់ប្រហិត នាំចូលខុសច្បាប់ចំនួន៣ករណី ស្មើនឹង ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឲ្យខូចគុណភាព មិនអាចប្រើប្រាស់បាន។
បំណែកសាច់ គ្រឿងក្នុងជ្រូក និងសាច់ប្រហិតទាំងនោះ រួមមាន៖ បំណែកសាច់មាន់ និងសាច់ក្រួចបង្កកចំនួន ៣៣២ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រី ការិយាល័យគយនិងរដ្ឋាករភ្នំឌិន នៃសាខាគយ និងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រស្រុកគិរីវង្ស ខេត្តតាកែវ ។ គ្រឿងក្នុងជ្រូកចំនួន ១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រី ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៤ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង និង សាច់ប្រហិតចម្រុះចំនួន ៨ ៦២០ គីឡូក្រាម ត្រូវបានបង្ក្រាប ដោយមន្ត្រីការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៅភូមិសាស្ត្រខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕