ភ្នំពេញ ៖ ការងារចំនួន៩ចំនុច ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តគឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន និងពង្រឹងនូវភាពសុខសាន្ត នៅកន្លែងការងារ ។ នេះជាការថ្លែងបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

តាមការគូសបញ្ជាក់របស់លោករដ្ឋមន្រ្តី បង្ហាញថាការងារ និងការកែលម្អការផ្តល់សេវាសាធារណៈទាំង៩ចំនុចនោះមានដូចជា÷

ទី១ ក្រសួងបានបែងចែកវេនមន្ត្រីប្រចាំការ និងបន្ថែមម៉ោងធ្វើការ និងពង្រឹងប្រព័ន្ធទូរសព្ទ Hotline ដើម្បីទទួលពាក្យបណ្តឹង សំណូមពរ និងដោះស្រាយចម្ងល់របស់បងប្អូនកម្មករ។
ទី២ ក្រសួងបានបំពេញតួនាទីជាស្ថាប័ន ដឹកមុខក្នុងយន្តការអធិការកិច្ចអន្តរស្ថាប័ន ដោយកំណត់វិធីសាស្ត្រចុះអធិការកិច្ច។
ទី៣ ក្រសួងបានចុះបញ្ជីសហគ្រាសថ្មីចំនួន ២៨៧៤សហគ្រាស ដែលធ្វើឱ្យសហគ្រាសដែលចុះបញ្ជី នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កើនពីចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស ។
ទី៤ ក្រសួងបានខិតខំប្រឹងប្រែងផ្ដល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដល់ប្រជាពលរដ្ឋ ជាពិសេសដល់បងប្អូនកម្មករនិយោជិត នៅពេលមានករណីរោងចក្រក្ស័យធននៅមុខរោងចក្រតែម្តង។
ទី៥ ក្រសួងបានខិតខំធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនល្បឿនដោះស្រាយ ករណីរោងចក្រក្ស័យធន ដោយឈរលើច្បាប់ និងអត្ថប្រយោជន៍របស់បងប្អូន កម្មករនិយោជិតជាធំ ។
ទី៦ បានខិតខំពង្រឹងសមត្ថភាព គុណភាព និងវិជ្ជាជីវៈមន្ត្រីផ្សះផ្សារវិវាទការងារ។
ទី៧ ក្រសួងបានបន្តគាំទ្រ ដល់ដំណើរការ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ទី៨ ក្រសួងបានគោរព នូវសិទ្ធិសេរីភាព របស់បងប្អូនកម្មករនិយោជិត និងនិយោជក ដោយបន្តចុះបញ្ជីអង្គការវិជ្ជាជីវៈ។
និងទី៩ ក្រសួងបានជួបប្រជុំជា លក្ខណត្រីមាស ជាមួយគ្រប់សហព័ន្ធសហជីព, សហភាពសហជីព, និងសមាគមនិយោជក ដើម្បីផ្លាស់ប្តូរយោបល់ ដោះស្រាយនូវចម្ងល់ និងសំណូមពរនានា របស់បងប្អូនកម្មករនិយោជិត និងនិយោជកបានជាទៀងទាត់៕


