ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រៀមអន្តរាគមន៍ និងឆ្លើយតបការ ខ្វះខាតទឹកស្អាត ប្រើប្រាស់ របស់ប្រជាពលរដ្ឋ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីអំពីការត្រៀមអន្តរាគមន៍ និងឆ្លើយតបការខ្វះខាតទឹកស្អាតប្រើប្រាស់ របស់ប្រជាពលរដ្ឋ ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ពីអង្គភាពស្ថាប័នពាក់ព័ន្ធ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់វិធានការដូចខាងក្រោម ៖

ទី១ ៖ ប្រតិបត្តិករទឹកស្អាតត្រូវ ខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ទទួលខុសត្រូវ រកប្រភពទឹកលើដី និងទឹកក្រោមដី ដែលនៅជិតមកផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់សេវាកម្មរបស់ខ្លួន ឱ្យបានគ្រប់គ្រាន់ ផ្គត់ផ្គង់ (ប្តូរវេណគ្នា) ប្រសិនបើមានការខ្វះខាត ។

ទី២ ៖ ប្រតិបត្តិករទឹកស្អាត ត្រូវត្រៀមកៅស៊ូតង់សម្រាប់ស្តុកទឹកទុក ដាក់នៅក្នុងតំបន់សេវាកម្មរបស់ខ្លួន ដោយមាន កិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីរក រថយន្តដឹកជញ្ជូនទឹក រកប្រភពទឹកដែលនៅជិតសម្រាប់ដឹកជញ្ជូនទឹកមកចែកចាយជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ ។

ទី៣ ៖ ប្រតិបត្តិករទឹកស្អាត ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងដែនសេវាកម្មរបស់ខ្លួន ឱ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវត្រៀមបម្រុងនូវ ពាង អាង ធុង និងស៊ីទែន ស្តុកទឹកទុកសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ និងមានលក្ខណៈសន្សំសំចៃខ្ពស់បំផុត ។

ទី៤ ៖ ចំពោះរដ្ឋាករទឹកកំពង់ចាម ត្រូវត្រៀមរថយន្ត ស៊ីទែនស្តុកទឹក និងទឹកស្អាត សម្រាប់ដឹកជញ្ជូនទៅចែកចាយ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ សេវាកម្មរបស់ខ្លួន និងជួយតំបន់ផ្សេងៗទៀតទៅតាមតម្រូវការ ។

ទី៥ ៖ ណែនាំឱ្យមានការជួយគាំទ្រគ្នាទៅវិញទៅមក ដោយការយកទឹកពីប្រតិបត្តិករ ដែលនៅក្បែរខាងគ្នា ជួយឧបត្ថម្ភទឹក (ការដឹកតាមរថយន្ត) យកមកដាក់នៅទីតាំងណាមួយសម្រាប់ចែកចាយជូន ប្រជាជនប្រើប្រាស់បណ្ដោះអាសន្ន ឬចំណាយលើការដាក់ទុយោបណ្តាញទឹកថ្មី ភ្ជាប់បន្ថែមតាម លទ្ធភាពជាក់ស្ដែងដែលអាចធ្វើបាន។ ជាពិសេស នឹងប្រើប្រាស់កម្លាំងអន្តរាគមន៍ (រួមទាំងធនធាន ថវិកា មនុស្ស និងបច្ចេកទេស) របស់រដ្ឋាករទឹក ដើម្បីជួយឧបត្ថម្ភគាំទ្រក្នុងការដោះស្រាយបញ្ហា ផ្គត់ផ្គង់ទឹកស្អាតនៅកន្លែងណា ដែលប្រតិបត្តិករទឹកស្អាតឯកជនអស់លទ្ធភាពនឹងដោះស្រាយ ។

ទី៦ ៖ រដ្ឋបាលក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យទីតាំងត្រៀមរៀបចំត្រៀមកន្លែងស្តុកទឹក នៅតាមភូមិដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ដើម្បីដឹកទឹកយកទៅស្តុក សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រដែលខ្វះខាតទឹកស្អាតប្រើប្រាស់។

ទី៧ ៖ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត បន្តអនុវត្តតាមការណែនាំ របស់របស់រដ្ឋបាលខេត្ត ស្តីពីវិធានការត្រៀមបង្ការអគ្គិភ័យ និងត្រៀមបម្រុងអន្តរាគមន៍ ឆ្លើយតបនឹងការខ្វះខាតទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសត្វពាហនៈ នៅតាមមូលដ្ឋានដែលប្រឈមខ្វះទឹកប្រើប្រាស់។

ទី៨ ៖ រដ្ឋបាលក្រុង-ស្រុក ត្រូវណែនាំដល់ប្រជាពលរដ្ឋ អំពីការងារបង្កបង្កើនផលដំណាំរួមផ្សំផ្សេងៗ ដែលប្រើប្រាស់បរិមាណទឹកច្រើនពីប្រភពស្តុកទឹកធម្មជាតិ(លើកលែងទឹកទន្លេ)ត្រុវកាត់បន្ថយ និងផ្អាក ដើម្បីសន្សំប្រភពទឹកធម្មជាតិ សម្រាប់មនុស្ស សត្វពាហនៈប្រើប្រាស់ប្រចាំថ្ងៃ ៕

To Top