ភ្នំពេញ ៖ ក្រុមសហជីពនៅកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ មានយន្តការដោះស្រាយវិវាទការងារល្អប្រសើរ រហ័ស និងមានប្រសិទ្ធភាព បម្រើដល់ផល ប្រយោជន៍កម្មករ ដែលនេះជាសញ្ញាល្អ ក្នុងការលើកកម្ពស់សិទ្ធិកម្មករ និងបង្កឱ្យមានសុខដុមរមនីយកម្ម ក្នុងវិស័យការងារនៅកម្ពុជា ។
លោកស្រី កេន ឆេងឡាង អនុប្រធានសហភាព ចលនាកម្មករកម្ពុជា លើកឡើងថា៖«ខ្ញុំមើលឃើញរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ បានចុះទៅដោះស្រាយផ្ទាល់ លើវិវាទការងារ ជាពិសេសក្នុងករណីថៅកែ រត់ចោលរោងចក្រ។ ថ្មីៗនេះយើងឃើញមានករណីរោងចក្រ Y&W, រោងចក្រ R&G ជាដើម ខ្ញុំឃើញក្រសួងការងារ ទៅដោះស្រាយផ្ទាល់ ។ ខ្ញុំសារទរ នូវយន្តការដ៏ល្អសម្រាប់កម្មករនេះ»។

លោកស្រីបន្ថែមថា រាជរដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍ ទៅដល់ដៃបងប្អូនកម្មករផ្ទាល់ បន្ទាប់ពីរោងចក្រជួបបញ្ហាឈានដល់ការបិទទ្វា ដែលទាំងនេះគឺជាការផ្តល់ដំណោះស្រាយលឿន និង មានគុណភាព របស់រាជរដ្ឋាភិបាលនៅអាណត្តិនេះ ។ យន្តការដោះស្រាយវិវាទ ការងារលឿនបែបនេះគឺជារឿងមួយល្អប្រសើរ ហើយវាបង្ហាញពីការយកចិត្តទុកដាក់ និងការពារសិទ្ធិ ទៅដល់បងប្អូនកម្មករ និយោជិតទាំងអស់គ្នាផងដែរ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) លើកឡើងថា ៖«ចំពោះវិវាទការងារ ករណីចុងក្រោយនេះយើងឃើញ មានការដោះស្រាយលឿន។ ចំពោះខ្ញុំ គោលនយោបាយ ដែលរាជរដ្ឋាភិបាល កំពុងធ្វើសម្រាប់កម្មករ យើងគាំទ្រហើយរំពឹង មានការដោះស្រាយវិវាទការងារ មានភាពសហ័ស លឿន ការពារផលប្រយោជន៍កម្មករដូច្នេះ»។

លោកបន្ថែមថា ក្រៅតែពីការ ដោះស្រាយវិវាទ ជូនកម្មករបានឆាប់រហ័ស និងមានប្រសិទ្ធភាពបែបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាច្រើន ពាន់កន្លែងទៅដល់មុខរោងចក្រ សម្រាប់ឱ្យបងប្អូនកម្មករទទួលបានការងារធ្វើថ្មី បន្ទាប់ពីរោងចក្រមានបញ្ហា។ គោលនយោបាយនេះគឺមានសារសំខាន់ និងមានភាពថ្មីស្រឡាងសម្រាប់បងប្អូនកម្មករ។
ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ចាប់អារម្មណ៍លើការពង្រីកវិសាលភាពប.ស.ស. ដែលក្នុងនោះកម្មករអាចប្រើប័ណ្ណប.ស.ស. ដើម្បីទៅពិនិត្យសុខភាព និងថែរទាំសុខភាពដោយឥតគិតថ្លៃ ។ ការផ្តល់ជូនសម្រាប់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលនេះគឺបានផ្តល់អត្ថប្រយោជន៍ និងជួយសម្រួលដល់ជីវភាពកម្មករ ជាពិសេសការទប់ការចំណាយ ។

ទន្ទឹមនឹងនេះក្រុមសហជីពនៅកម្ពុជា បានសារទរយ៉ាងខ្លាំង ទៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើន ទៅដល់កម្មករនិយោជិត ក្នុងនោះមានដូចជា ការអនុញ្ញាតឱ្យកម្មករប្រើបណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ, ការផ្តល់ប្រាក់ឧបត្ថម្ភ ទៅដល់កម្មការិនីមានផ្ទៃពោះ និងអំឡុងពេល សម្រាកមាតុភាព, ការពិនិត្យផ្ទៃពោះ, ការដំឡើងប្រាក់ឈ្នួល, ការផ្តល់ការរៀនជំនាញ បច្ចេកទេសដោយឥតគិតថ្លៃ ជាដើម៕






