ព័ត៌មានជាតិ

រដ្ឋសភា​ ទទួលយកញត្តិ ពីលោក អាត់ ធន់ និងលោក វន់ ពៅ ខណៈសហជីព ស្នើដំឡើងប្រាក់ខែកម្មករ ឆ្នាំក្រោយ២៥០ដុល្លារ

ភ្នំពេញ ៖ លោកបណ្ឌិត សួន រិនឌី លេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា នៅព្រឹកថ្ងៃ១ ឧសភា នេះ ក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា បានអញ្ជើញទទួលញត្តិពីលោក អាត់ ធន់ និងលោក វន់ ពៅ ដែលជាតំណាង សហភាពសហជីព សហព័ន្ធសហជីព សហជីព និងសមាគមធ្វើការ ក្នុងវិស័យការងារនៅកម្ពុជា។

នៅព្រឹកថ្ងៃទិវាពលកម្មអន្តរជាតិនេះ តំណាងសហជីពបានដឹកនាំកម្មករក៏ដូចជាសមាជិកខ្លួនធ្វើដំណើរទៅមុខរដ្ឋសភា ។ បន្ទាប់ពីពួកគាត់ទៅដល់ លោកបណ្ឌិតសួន រិនឌី បានចេញមកទទួលញត្តិ ហើយលោកក៏បានអរគុណតំណាងសហជីពដែលបានរួមចំណែកសហការជាមួយអាជ្ញាធរមូលដ្ឋាន។

បើតាមលោក វន់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃ១ ឧសភាថា ខាងសហជីពបានស្នើឲ្យរដ្ឋសភា ជួយដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ ហើយខាងរដ្ឋសភា ក៏បានសន្យានឹងដោះស្រាយប្រាក់ឈ្នួលកម្មករ សម្រាប់ឆ្នាំក្រោយ (២០២៥)។

លោកថា “រដ្ឋសភាជាតួអង្គសំខាន់របស់ពលរដ្ឋ ។ ពលរដ្ឋប្រើសិទ្ធិអំណាច តាមរយៈរដ្ឋសភា អីចឹងឯកឧត្តមតំណាងរាស្រ្តសន្យថា នឹងជជែកជាមួយស្ថាប័ន ពាក់ព័ន្ធក្នុងការពិនិត្យទៅលើប្រាក់ឈ្នួលកម្មករ ហើយយើងស្នើឲ្យឡើងប្រាក់ឈ្នួល ឲ្យកម្មករនាឆ្នាំ២០២៥នេះ គឺ២៥០ដុល្លារ”។

ក្រៅពីនេះ លោក វន់ ពៅ ​ក៏បានស្នើឲ្យរដ្ឋឲ្យជួយដោះស្រាយប័ណ្ណ ប.ស.សរបស់កម្មករនៅចំការឈើដាំ កសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងស្នើឲ្យរាជរដ្ឋាភិបាល ដោះស្រាយសេរីភាពសហជីព នៅតាមមូលដ្ឋានផងដែរ ព្រមទាំងទំលាក់បទចោទប្រកាន់ទាំងឡាយមកលើថ្នាក់ដឹកនាំសហជីព។

ជាការឆ្លើយតប តាមរយៈការបង្ហោះក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់រដ្ឋសភានារសៀលថ្ងៃដដែលនេះ គឺបណ្ឌិត សួន រិនឌី មានប្រសាសន៍ថា បន្ទាប់ពីបានទទួលញត្តិនេះ នឹងបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយ ។ លោកបានរម្លឹកថា កន្លងមកញត្តិដែលបានដាក់ជូនមករដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រឹងប្រែងដោះស្រាយ ដូចជាបញ្ហាប្រាក់ឈ្នួលពលកម្ម បញ្ហារបបសន្តិសុខសង្គម និងបញ្ហាការងារផ្សេងៗទៀត កំពុងមានវឌ្ឍនភាពបណ្ដើរៗ។

លោកគូសបញ្ជាក់ថា ក្នុងអាណត្តិថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាព និងសុខទុក្ខរបស់ពលរដ្ឋ៕

To Top