ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាឪពុកក្មេក លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី ជាស្វាមី បានបញ្ចេញប្រតិកម្មទៅកាសែតប្រឆាំងដែលចោទថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យកលុយមកសូកប៉ាន់ លោកជំទាវ ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រី ជាថ្នូលពន្យាអាយុចូលនិវត្តន៍ដល់ឆ្នាំ២០២៨ ។
ការលើកឡើងរបស់សម្តេចទាំងទ្វេនេះ បន្ទាប់ពីសារ The Cambodia Daily បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃ២ ឧសភាថា “មន្ត្រីអគ្គនាយកដ្ឋានគយជាច្រើននាក់បានទម្លាយថា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានសូកប៉ាន់លោកជំទាវ ពេជ ចន្ទមុន្នី ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សុំពន្យារពេលចូលនិវត្តន៍ដល់ឆ្នាំ២០២៨ បន្ទាប់ពីលោកត្រូវបានសម្តេចតេជោកំណត់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០២៥ ខាងមុខនេះ។ មន្ត្រីគយផ្សេងទៀតក៏បានស្នើសុំពន្យារពេលចូលនិវត្តន៍នេះដែរ តែធ្វើឡើងតាមរយៈលោក គុណ ញឹម ដែលជាហេតុធ្វើឲ្យលោកមេគយកម្ពុជារូបនេះ អាចប្រមូលលុយបានប្រមាណជា ៥០លានដុល្លារត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ”។
ក្រោយឃើញបែបនេះ សម្តេចតេជោបញ្ជាក់តាមបណ្តាញសង្គមនាព្រលប់ថ្ងៃ២ ឧសភាថា “មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមកតាមសំណើរពីលោកឧបនាយករដ្ឋមន្រ្តីអូន ពន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយ និងគុណសម្បត្តិរបស់សាមីខ្លួន ខ្ញុំបានសម្រេចឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍នៅឆ្នាំ២០២៨” ។
ជាមួយគ្នានេះ សម្តេចតេជោក៏បានសម្រេចឲ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍ នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយ ប្រកបដោយជោគជ័យ។
សម្តេចតេជោក៏បានព្រលះទៅស្ថាប័នព័ត៌មាន The Cambodia Dailyទៀតថា “សូមពាក់វ៉ែនតាមើលផង ប្រសិនភ្នែកមិនល្អ ជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែតដែលជាកូនប្រសារខ្ញុំទៅវិញ ឬមកពីល្ងង់?”។
ចំណែកអត្ថន័យខ្លឹមសាររបស់សម្តេចធិបតីវិញ ក៏មិនសូវខុសពីសម្តេចតេជោដែរ ។ ដោយសម្តេចធិបតី ចាត់ទុកការផ្សាយរបស់ The Cambodia Daily ជាអំពើថោកទាប ក្នុងគោលបំណងមួលបង្កាច់ វាយប្រហារបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេច និងគ្រួសារ ។
សម្តេចធិបតីអះអាងថា “ខ្ញុំសូមបញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រីនីតិកាលទី៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់គោលការណ៍ឯកភាពឲ្យឯកឧត្តម គុណ ញឹម អាចពន្យារការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ២០២៨ តាមសំណើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ “។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេចមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា។ ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិរបស់លោក គុណ ញឹម ដែលជាមន្ត្រីដែលមានបទពិសោធន៍ មានឆន្ទៈនិងមានការខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ នឹងបន្តគោលការណ៍អនុញ្ញាតក្នុងការពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ បើគ្មានការចាំបាច់ណាមួយក្នុងការកែសម្រួល ។
សម្តេចក៏បានស្នើឲ្យវិទ្យុបររទេសនិយាយភាសាខ្មែរ The Cambodia Daily ឈប់ប្រឌិតរឿងមិនពិតមានចេតនាថោកទាប ក្នុងការបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សម្តេច និងក្រុមគ្រួសារ។ សម្តេចថា បើសិនជាមានមន្ត្រី នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិតមែនដែលលើករឿងនេះ ហើយចង់ឲ្យលោកលោក គុណ ញឹម ចូលនិវត្តន៍ឆ្នាំ២០២៥ ដោយហេតុផលណាមួយនោះកុំដេកស្រម៉ៃ៕





